សម្តេចធិបតី៖ រដ្ឋមន្ត្រីក្រសួងដែនដី កំពុងរៀបចំគម្រោងផ្លូវ សម្រាប់ជិះកង់ លំហែពីសមុទ្រកែប ទៅកោះកុង
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបណីយកម្ម និងសំណង់ បាននិងកំពុងរៀបចំគម្រោង ឲ្យមានផ្លូវសម្រាប់ជិះកង់លំហែ តាមមាត់សមុទ្រពីខេត្តកែប ទៅកោះកុង។
ថ្លែងក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ “កំពង់ផែពហុបំណងកំពត” នាព្រឹកថ្ងៃ៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តិចទៀតអ្នកខេត្តព្រះសីហនុ នឹងមានភាពងាយស្រួល ឯកឧត្តម សាយ សំអាល់ កំពុងតែឡើងផែនការមួយ ខ្ញុំឲ្យគិតមើលហើយគាត់បានឡើងគំនិតផ្តួចផ្តើមល្អ គឺរៀបចំផ្លូវជិះកង់តាមមាត់សមុទ្រ។ ជិះកង់ពីកែប ទៅដល់កោះកុង តាមមាត់សមុទ្រតែម្តង។
សម្តេចធិបតី នាយករដ្ឋមន្ត្រី លើកឡើងថា នៅពេលផ្លូវនោះធ្វើរួច អ្នកទេសចរណ៍ អាចជិះកង់ ឬរត់ម៉ារ៉ាតុន ដើម្បីយកថវិកា ប្រគល់ជូនមន្ទីពេទ្យគន្ធបុប្ផា។ សម្តេចធិបតី បានបញ្ជាក់ថា សម្រាប់អ្នកទេសចរណ៍ បងប្អូនណាដែលទំនេរអាចរត់ម៉ារ៉ាតុន យកថវិកាជូនមន្ទីពេទ្យគន្ធបុប្ផាអាចរត់ ២០០ ឬ៣០០គីឡូម៉ែត្រអីចឹងទៅបាន។ អាចដើរហាត់ប្រាណនៅតាមផ្លូវនេះ។
ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងខិតខំធ្វើផ្លូវឲ្យបានច្រើន ដើម្បីបម្រើផលប្រយោជន៍ដល់ពលរដ្ឋ ពិសេសនោះក្នុងការដឹកជញ្ជូន ៕