សម្តេចធិបតី ប្រកាសថែមម៉ោងសិក្សា ២ម៉ោង ដល់សាលាបឋមសិក្សារដ្ឋ ដើម្បីឲ្យសិស្សខ្សោយ និងគ្មានលទ្ធភាព អាចមានឱកាស រៀនបំប៉នបន្ថែម
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថែមម៉ោងសិក្សា ចំនួន២ម៉ោងបន្ថែម ដល់គ្រប់សាលាបឋមសិក្សារដ្ឋទាំងអស់ ដើម្បីឲ្យសិស្សានិសិស្ស ដែលរៀនខ្សោយ និងគ្មានលទ្ធភាពអាចមានឱកាសបានរៀនបំប៉នបំពេញបន្ថែមនូវចំណុចខ្វះខាត ។
ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត» នៅព្រឹកថ្ងៃ៦ មិថុនា សម្ដេចធិបតីបានប្រកាសផ្ដល់ប្រាក់ ឧបត្ថម្ភបន្ថែម ដល់លោកគ្រូអ្នកគ្រូផងដែរ សម្រាប់ជាការលើកទឹកចិត្តដល់ពួកគាត់ ដែលបង្រៀនក្នុងម៉ោង សិក្សា២ម៉ោងដែលបន្ថែមនេះ ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា «អ្នកដែលមិនមានលទ្ធភាពរៀនគួរ ឥឡូវថែមពីរម៉ោងនេះ ចាត់ទុកជាម៉ោងបំប៉នបន្ថែម ដើម្បីឲ្យសិស្សយើង កាន់តែរឹងមាំ ហើយលុយដែលគិតថា ថែមម៉ោងនេះ រដ្ឋត្រូវចេញលុយ ដើម្បីលើកទឹកចិត្តឲ្យគ្រូ យកលុយមកពីណា លុយបានមកពីចំណូលថវិកាជាតិ តាមរយៈការអភិវឌ្ឍផ្សេងៗនេះឯង» ។
សម្ដេចធិបតី បានមានប្រសាសន៍ថា ការរៀបចំថែមម៉ោងសិក្សានេះ សម្ដេចបានឲ្យចុះប្រកាសគណៈកម្មការពង្រឹងវិស័យអប់រំ ដែលមានឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ជាអនុប្រធានប្រចាំការ និងមានលេខាធិការដ្ឋានមួយនៅក្នុងនេះ បានចុះទៅអនុវត្ត ដោយបានសាកល្បងថែម ២ម៉ោងល្ងាច ឲ្យសិស្សបឋមសិក្សាដែលរៀនខ្សោយ និងគ្មានលទ្ធភាពរៀនគួរ បានរៀនបំប៉នបន្ថែម ៕