អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវឲ្យពលរដ្ឋកុំចាញ់បោក និងជឿពាក្យចចាមអារ៉ាម មិនមានគយចុះចាប់ទំនិញនោះឡើយ
ភ្នំពេញ៖ នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ មានក្រុមអាជីវករលក់ដូរនៅទីប្រជុំជន តាមផ្លូវ តាមផ្សារ ក៏ដូចជាលក់ដូរតូបតាមផ្ទះបានបិតទាំងស្រុង ដោយមានការនិយាយតៗគ្នាថា បន្តិចទៀតនឹងមានក្រុមគយចល័តចុះចាប់ទំនិញគេចពន្ធរបស់ពួកគាត់ ដោយមិនរើសមុខឡើយ។
ឆ្លើយតបចំពោះពាក្យចចាមអារ៉ាមនេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ស្ថាប័នគយមិនមែនជាស្ថាប័នដែលពរលដ្ឋត្រូវភ័យខ្លាចទេនោះទេ ប្រសិនបើអាជីវកររកទទួលទានបង់ពន្ធត្រឹមត្រូវនោះ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវយ៉ាងទទូចសូមឲ្យអ្នកបំពុលសង្គម កុំយកបញ្ហានេះធ្វើនយោបាយដែលនាំឲ្យអស់ពលរដ្ឋមានការថ្នាំងថ្នាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
បន្ថែមពីនេះលោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា មិនមានសមត្ថកិច្ចសាខាគយរូបណាបានចុះចាប់ទំនិញនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺនោះទេ។បើទោះបីមានការចុះចាប់ទំនិញគេចពន្ធ សាខាគយ និងរដ្ឋាករគោរតាមបទបញ្ជា និងវិជ្ជាជីវៈបំផុត សូមប្រជាពលរដ្ឋកុំយល់ច្រឡំតគ្នារហូតខកខានការរកទទួលទានប្រចាំថ្ងៃ៕