រុស្ស៉ីនឹងពិចារណាឱ្យមានជើងហោះហើរផ្ទាល់មកកាន់កម្ពុជា ដើម្បីបង្កើនការផ្លាស់ប្តូរអ្នកទេសចររវាងប្រទេសទាំងពីរ
ភ្នំពេញ៖ រដ្ឋាភិបាលរុស្ស៉ី បានអះអាងថា នឹងពិចារណាឱ្យមានជើងហោះហើរផ្ទាល់ ពីរុស្ស៉ីមកកាន់កម្ពុជា ដើម្បីបង្កើនការផ្លាស់ប្តូរអ្នកទេសចររវាងប្រទេសទាំងពីរ។
ការអះអាងនេះ ត្រូវបានបង្ហាញឡើងនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៉ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។
ពាក់ព័ន្ធវិស័យទេសចរណ៍ លោក អាណាតូលី បូរ៉ូវីក បានលើកឡើងថា ចំនួនភ្ញៀវទេសចរណ៍រុស្ស៉ីមកកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ ហើយរុស្ស៉ីនឹងពិចារណាឱ្យមានជើងហោះហើរផ្ទាល់ពីរុស្ស៉ីមកកាន់កម្ពុជា ដើម្បីបង្កើនការផ្លាស់ប្តូរអ្នកទេសចររវាងប្រទេសទាំងពីរ។ លោក ក៏បានថ្លែងអំណរគុណកម្ពុជា ដែលបានធានាសុវតិ្ថភាពភ្ញៀវទេសចរ ដែលមកទស្សនាកម្ពុជា ជាពិសេសភ្ញៀវទេសចរ។
លោក ឯកអគ្គរដ្ឋទូត បានរំឭកផងដែរ កម្ពុជាជាមិត្តចាស់ មិត្តគួរឱ្យទុកចិត្ត ជាដៃគូដ៏ល្អ និងខិតខំប្រឹងប្រែងពង្រឹង និងពង្រីកនូវទំនាក់ទំនងដែលមានសក្តានុពល និងជំរុញដល់កិច្ចសហការដើម្បីអភិវឌ្ឍន៍ និងដើម្បីផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។
នាឱកាសនោះ សម្ដេចតេជោ បានស្វាគមន៍ចំពោះ លោកឯកអគ្គរដ្ឋទូត ហើយក៏សូមឱ្យ លោកឯកអគ្គរដ្ឋទូតពាំនាំការអរគុណជូនចំពោះប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៉ីដែលបានផ្ញើលិខិតអបអរសាទរជូនចំពោះ សម្ដេច ដែលត្រូវបានតែងតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាកន្លងទៅថ្មីៗនេះ។
លោកឯកអគ្គរដ្ឋទូត បានសំដែងនូវការគោរពចំពោះ សម្ដេចតេជោ និងព្រះរាជាណាចក្រកម្ពុជា ហើយក្នុងឋានៈជាអ្នកការទូតចាស់វស្សាម្នាក់នៅកម្ពុជា លោក សូមថ្លែងអំណរគុណចំពោះសម្ដេចដែលបានអនុញ្ញាតឱ្យមានជំនួបនៅថ្ងៃនេះ។ លោកបានបញ្ជាក់ថា ប្រជាជនរុស្ស៉ីស្គាល់សម្ដេចតេជោយ៉ាងច្បាស់ ដោយសម្ដេចតេជោបានផ្តល់នូវវិភាគទានយ៉ាងសម្បើម ចំពោះចំណងមិត្តភាពនិងកិច្ចសហការរវាងកម្ពុជានិងអតីតសហភាពសូវៀត និងបន្តមកដល់សហព័ន្ធរុស្ស៉ី នាពេលបច្ចុប្បន្ននេះ។
ជាមួយគ្នានេះដែរ លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរសាទរ ចំពោះសម្ដេចតេជោ ដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា និងអបអរសាទរគណបក្សប្រជាជន ដែលបានទទួលលទ្ធផលដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតក្រុមប្រឹក្សាស្រុក ក្រុង ខេត្ត រាជធានីនាពេលកន្លងមកនេះ ហើយលទ្ធផលនេះបានបង្ហាញពីជំនឿជឿទុកចិត្តរបស់ប្រជាជនខ្មែរភាគច្រើនលើសលប់ចំពោះគណបក្សប្រជាជនកម្ពុជា។
លោកឯកអគ្គរដ្ឋទូត បានរំឭកផងដែរថា កម្ពុជានិងរុស្ស៉ីតែងតែបញ្ជូនអ្នកសង្កេតការណ៍ទៅពិនិត្យការបោះឆ្នោតនៅប្រទេសរៀងៗខ្លួន ហើយលោកបានសម្ដែងនូវការកោតសរសើរ និងអរគុណចំពោះទំនាក់ទំនងដ៏ល្អប្រសើរនេះ។ លោកបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជានិង សហព័ន្ធរុស្ស៉ី មានទំនាក់ទំនងមិត្តភាពជិតស្និទ្ធនិងប្រវត្តិយូរអង្វែងរយៈពេល ៦៨ឆ្នាំហើយ។ រុស្ស៉ីកំពុងតែខិតខំព្យាយាមដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។
លោកឯកអគ្គរដ្ឋទូត បានបង្ហាញថា លោកនឹងខិតខំធ្វើយ៉ាងណាក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ទំនាក់ទំនងរវាងក្រុមមិត្តភាពរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹងនិងរីកចម្រើនជាលំដាប់។ ពាកព័ន្ធនឹងទំនាក់ទំនងសេដ្ឋកិច្ច លោកបានសង្កេតឃើញថា ទំហំពាណិជ្ជកម្មយើងនៅតូចនៅឡើយ ដោយលោកបញ្ជាក់ថាក្រុមហ៊ុនរុស្ស៉ីមួយចំនួន កំពុងតែស្វែងរកដៃគូរបស់ខ្លួនហើយកំពុងតែធ្វើការជាមួយនឹងសភាពាណិជ្ជកម្ម និងក្រសួងពាណិជ្ជកម្មកម្ពុជាដើម្បីវិនិយោគនៅកម្ពុជា។
លោក ក៏បានបញ្ជាក់ផងដែរថា ទាក់ទងនឹងបញ្ហាបំណុល ការចរចាគឺមានជំហានទៅមុខជាវិជ្ជមាន។ លោក ឯកអគ្គរដ្ឋទូត បានរំឭកផងដែរថា ក្នុងរយៈពេលកន្លងមកនេះ សហព័ន្ធរុស្ស៉ីបានជួយកសាងសេដ្ឋកិច្ចនៅកម្ពុជាហើយក៏មាននូវកិច្ចសហប្រតិបត្តិការជាច្រើនទាក់ទងនឹងបញ្ហាបច្ចេកទេស។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធា និងការពារជាតិ សហព័ន្ធរុស្ស៉ីបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាច្រើនទៅបំពេញការសិក្សានៅប្រទេសរុស្ស៉ី។ ទន្ទឹមនឹងនោះ រុស្ស៉ីក៏បានរៀបចំឱ្យមានជាទស្សនកិច្ចរបស់យុវជនក្មេងៗបានទៅទស្សនកិច្ចនៅប្រទេសរុស្ស៉ីផងដែរ។
នៅលើវេទិការអន្តរជាតិ លោកបានរំឭកថា កម្ពុជានិងរុស្ស៉ីបានជួយគ្នា និងសម្របសម្រួលគ្នានៅលើយន្តការអង្គការសហប្រជាជាតិ អង្គការអន្តរជាតិនិងតំបន់ ហើយសូមអរគុណកម្ពុជាក្នុងតួនាទីជាអ្នកសម្របសម្រួលរវាងអាស៊ាននិងរុស្ស៉ីក្នុងការជួយពង្រឹងភាពជាដៃគូសន្ទនារបស់រុស្ស៉ីនៅក្នុងអាស៊ានផងដែរ។
ជាកិច្ចឆ្លើយតប សម្ដេចតេជោប្រធានព្រឹទ្ធសភា បានសម្តែងសេចក្តីរីករាយ ដែលបានជួបលោក អគ្គរដ្ឋទូតជាលើកទី២ ក្នុងឱកាសនេះ ក្នុងនាមជាប្រធានព្រឹទ្ធសភា។ សម្ដេចតេជោ បានអបអរសាទរ លោក ប្រធានាធិបតី វ្លាដឺមៀរ ពូទីន (Vladimir Putin) ដែលបានជាប់ឆ្នោតសាជាថ្មី ដោយសម្ដេចតេជោ បានចាត់ទុកវាជាស្នូលនៃស្ថានភាពនយោបាយបច្ចុប្បន្ននេះ។
សម្ដេចបានលើកឡើងថា ក្នុងរយៈពេល៦៨ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ គណបក្សប្រជាជន និងសម្ដេចតេជោ ស្ថិតនៅក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស និងជានាយករដ្ឋមន្តី បានគ្រប់គ្រងអស់រយៈពេលប្រមាណ៤៥ឆ្នាំ។
សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានថ្លែងអរគុណចំពោះជំនួយសព្វបែបយ៉ាងរបស់សហភាពសូវៀត និងបន្តមកដល់សហព័ន្ធរុស្ស៉ី ដែលបានជួយកម្ពុជានៅពេលដែលកម្ពុជាទើបរំដោះបានពីរបបខ្មែរក្រហម។
លើទំនាក់ទំនងសហប្រតិបត្តិការដទៃទៀត សម្ដេចតេជោ បានផ្ដល់ជាអនុសាសន៍ សូមឱ្យជំរុញនូវអ្វីដែលអាចធ្វើទៅបាន ជាពិសេស សូមឱ្យរុស្ស៉ីយកចិត្តទុកដាក់ក្នុងការបង្កើតជើងហោះហើរត្រង់ ពីព្រោះ សម្ដេចតេជោ បានចាត់ទុកថា ដល់ពេលវេលាដែលត្រូវជំរុញវិស័យទេសចរណ៍របស់រុស្ស៉ីមកកាន់ប្រទេសកម្ពុជាហើយ ហើយក៏ជំរុញការដោះស្រាយបំណុលដែលរង់ចាំជាយូរមកហើយនោះ ឱ្យបានឆាប់រួសរាន់ផងដែរ។
សម្ដេចតេជោ ក៏បានមានប្រសាសន៍ថា ការសម្រេចចិត្តផ្ទេរតំណែង ជំនាន់ចាស់មកជំនាន់ថ្មី គឺដើម្បីសន្តិភាពរយៈពេលវែង ហើយជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្ដេច ព្រោះថារយៈពេលប្រមាណ៩ខែបន្ទាប់ពីការផ្ទេរមកនេះ កម្ពុជាមានស្ថិរភាពនយោបាយ សន្តិសុខ កំណើននៅតែបន្ត អតិផរណានៅទាប ហើយជីវភាពរស់នៅរបស់ប្រជាជននៅតែល្អប្រសើរ។
ជាចុងក្រោយ លោកឯកអគ្គរដ្ឋទូត បានសម្ដែងការគោរពដ៏ជ្រាលជ្រៅ និងខ្ពង់ខ្ពស់បំផុតចំពោះសម្ដេចតេជោ ហើយគូសបញ្ជាក់ថា រុស្ស៉ីគឺជាមិត្តភក្តិយូរអង្វែង និងជានិច្ចកាលនៅជាមួយកម្ពុជានៅពេលលំបាក ហើយរុស្ស៉ីនឹងមិនជ្រៀតជ្រែកលើកិច្ចការរបស់ប្រទេសកម្ពុជានោះទេ។
កិច្ចពិភាក្សាបានបញ្ចប់ ក្នុងបរិយាកាសរីករាយដោយ សម្ដេចតេជោ និងលោកឯកអគ្គរដ្ឋទូត បានពិភាក្សាគ្នាប្រកបដោយភាពស្មោះត្រង់ និងត្រង់ទៅត្រង់មក និងផ្លាស់ប្ដូរយោបល់គ្នា ក្នុងស្មារតីមិត្តភាព និងភាពកក់ក្តៅ៕