តំណាងគណៈគ្រប់គ្រងApp Nodrug និងតំណាងគណ:ដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ីស្លាមកម្ពុជា ពិភាក្សាការផ្សព្វផ្សាយជំរុញការប្រើប្រាស់
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: បានជួបតំណាងគណ:ដឹកនាំជាន់ខ្ពស់នៃសាសនាអិស្លាមកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងាររៀបចំផ្សព្វផ្សាយកម្មវិធីទូរស័ព្ទដៃApp Nodrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ថ្លែងក្នុងនាមគណ:គ្រប់គ្រងApp Nodrug នាឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: និងជាអនុគណ:កម្មការជំរុញការប្រើប្រាស់App Nodrug បានជម្រាបជូនពីអត្ថប្រយោជន៍នៃApp Nodrug ដែលបានផ្តល់នូវចំណេះដឹង ព័ត៌មានកំសាន្ត អប់រំ សេវាព្យាបាល និងមុខងារសំខាន់មួយទៀតគឺប្រជាពលរដ្ឋមានឧបករណ៍សម្រាប់រាយការណ៍ស្វែងរកអន្តរាគមន៍ដោះស្រាយនូវកង្វល់របស់ខ្លួន ពីបញ្ហាគ្រឿងញៀននៅក្នុងសហគមន៍មូលដ្ឋាន។
ឯកឧត្តម យ៉ប់ អាស្ការី បានមានប្រសាសន៍ស្វាគមន៍ដល់
គំនិតផ្តួចផ្តើមផ្សព្វផ្សាយជំរុញកម្មវិធីទូរស័ព្ទដៃApp Nodrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់សាសនិកអិស្លាមដែលមកចូលរួមក្នុងពិធីសូត្រលើកទី៣១ និងការសូត្រចាំមាត់លើកទី៥ គម្ពីរអាល់គួរអានុលការីម ថ្នាក់ជាតិឆ្នាំ២០២៤រៀបចំដោយគណ:ដឹកនាំជាន់ខ្ពស់នៃសាសនាអិស្លាមកម្ពុជា នៅបរិវេណវិហារធំនៅគីឡូម៉ែត្រលេខ៩ ស្ថិតនៅភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ៕