អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះចែកពូជស្រូវផ្ការំដួល កូនឈើ និងចាក់វ៉ាក់សាំងគោក្របី ការពារជំងឺសាទឹក ជូនពលរដ្ឋនៅឃុំចំនួន២ ក្នុងស្រុកកោះញែក
ភ្នំពេញ៖ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក ស៊ន សារុន អភិបាលរងខេត្ត មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះចែកពូជស្រូវផ្ការំដួល កូនឈើ និងចាក់វ៉ាក់សាំងគោក្របី ការពារជំងឺសាទឹក ជូនដល់ប្រជាពលរដ្ឋនៅឃុំស្រែហ៊ុយ និងឃុំសុខសាន្ត ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ក្នុងឱកាសនោះ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថា ការផ្ដល់ពូជស្រូវផ្ការំដួលនាពេលនេះ ក្នុងគោលបំណងឲ្យប្រជាកសិករមានពូជសុទ្ធសម្រាប់យកទៅដាំដុះ និងអាចយកពូជទាំងនោះទុកប្រើប្រាស់សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ដើម្បីបង្កើនទិន្នផលខ្ពស់ និងបង្កើនប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការបង្កបង្កើនផលស្រូវរបស់បងប្អូនប្រជាកសិករនាពេលបច្ចុប្បន្ន មានភាពងាយស្រួលជាងសម័យមុន ដោយសារកសិករបានប្រើប្រាស់ឧបករណ៍ភ្ជួររាល់ប្រភេទគ្រឿងចក្រ។
ឯកឧត្ដមអភិបាលខេត្ត បានបន្តថា ពូជស្រូវដែលបានចែកជូនបងប្អូននាពេលនេះ ជាពូជល្អ បាយឆ្ងាញ់ លក់បានតម្លៃខ្ពស់ក្នុងទីផ្សារ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋដែលទទួលបានពូជស្រូវនេះ យកទៅបង្កបង្កើនផល និងត្រូវដាំដុះបន្លែសុវត្ថិភាពបន្ថែមប្រកបដោយគុណភាព ដោយមានការជួយណែនាំពីមន្ត្រីបច្ចេកទេសរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ ត្រូវរៀបចំផែនការផលិតកម្មនៅក្នុងការដាំដុះ ឲ្យស្របទៅនឹងតម្រូវការរបស់ទីផ្សារ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ប្រជាកសិករទាំងអស់ ត្រូវខិតខំដាំដុះដំណាំរួមផ្សំ ការចិញ្ចឹមសត្វ និងការបង្កបង្កើនផលបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា ឲ្យការរស់នៅរបស់ប្រជាពលរដ្ឋមានជីវភាពធូរធារ។
បើតាមលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឱ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៤នេះ ការបង្កបង្កើនផលដំណាំស្រូវរដូវវស្សា អនុវត្តបានចំនួន ៤.៨២៧ហិកតា ស្មើនឹង ១៦,០៩% នៃផែនការឆ្នាំ តិចជាងឆ្នាំមុន ១.៨៣៤ហិកតា ក្នុងនោះ ស្រូវចម្ការ អនុវត្តបានចំនួន ១២៨ហិកតា តិចជាងឆ្នាំមុន ៣១៧ ហិកតា ស្រូវស្រាល អនុវត្តបានចំនួន ២.៧២៩ហិកតា កើនលើសឆ្នាំមុន ៣៨៩ហិកតា ស្រូវកណ្តាល អនុវត្តបានចំនួន ១.៤៥៩ហិកតា តិចជាងឆ្នាំមុន ១.៦១៩ហិកតា ស្រូវធ្ងន់ អនុវត្តបានចំនួន ៥១១ ហិកតា តិចជាងឆ្នាំមុន ២៨៧ហិកតា។
ជាទីបញ្ចប់ ឯកឧត្តម ថង សាវុន អភិបាលខេត្ត ក៏បាននាំយកពូជស្រូវផ្ការំដួលចំនួន ២.០០០គីឡូក្រាម ដើម្បីចែកប្រជាកសិករចំនួន១០០គ្រួសារ ស្ថិតនៅឃុំស្រែហ៊ុយ ក្នុងមួយគ្រួសារ ទទួលបានគ្រាប់ពូជស្រូវចំនួន ២០គីឡូក្រាម។ បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត បានបន្តចុះចាក់វ៉ាក់សាំងជំងឺសាទឹក គោក្របី នៅភូមិស្រែហ៊ុយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងផ្សេងៗ ដោយឡែក ប្រជាពលរដ្ឋនៅភូមិសុខសាន្ត ឃុំសុខសាន្ត ចំនួន ១០០គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានពូជកូនឈើហូបផ្លែចំនួន ១០ដើម ៕