សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់អំពីតួនាទីដ៏សំខាន់របស់យុវជន ក្នុងការកសាងអនាគតដ៏ត្រចះត្រចង់របស់កម្ពុជា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់អំពីតួនាទីដ៏សំខាន់របស់យុវជន ក្នុងការកសាងអនាគតដ៏ត្រចះត្រចង់មួយរបស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញបើក មហាសន្និបាតតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃសភាយុវពាណិជ្ជករអន្តរជាតិ ប្រចាំឆ្នាំ២០២៤ នៅខេត្តសៀមរាប នាល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍រំលឹកអតីតកាលកម្ពុជាថា កម្ពុជាដែលធ្លាប់តែត្រូវបានចាត់ទុកជាវាលពិឃាដ បច្ចុប្បន្នជាជាតិមួយមានសន្តិភាពពេញលេញ តាមរយះនយោបាយឈ្នះ ឈ្នះ បានធ្វើឲ្យកម្ពុជាមានសន្តិភាព ប្រាសាទអង្គរវត្ត និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត បាន និងកំពុងទាក់ទាញភ្ញៀវ ទេសចររាប់លាននាក់មកទស្សនាជារៀងរាល់ឆ្នាំ។
សម្តេចធិបតី បានថ្លែងថា លទ្ធផលដែលកើតចេញពីការលះបង់គ្រប់បែបយ៉ាងរបស់អ្នកជំនាន់មុន ក្នុងការកែប្រែជោគ វាសនាទឹកដីកំសត់នេះ ឱ្យក្លាយជាទឹកដីមួយដ៏ស្រស់បំព្រង និងប្រកបដោយស្នាមញញឹម។ ពេលនេះជាពេលវេលារបស់យើងទាំងអស់គ្នាដែលជាអ្នកបន្តវេន ត្រូវយកគំរូតាមការលះបង់ កន្លងមក ដើម្បីបង្កើតនូវទំព័រប្រវត្តិសាស្ត្រថ្មី។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកការអភិវឌ្ឍ មូលធនមនុស្ស ដែលផ្តោតលើការអប់រំ និងការលើកកម្ពស់ភាពអង់អាចរបស់យុវជន ជាកត្តាកំណត់ដ៏សំខាន់បំផុត ក្នុងការកំណត់ជោគវាសនាជាតិ ៕