ប្រមុខរាជរដ្ឋាភិបាលកម្ពុជា វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ JCI ក្នុងការលើកកម្ពស់ភាពអង់អាចរបស់យុវជន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ JCI ក្នុងការលើកកម្ពស់ភាពអង់អាច របស់យុវជនដែលបានចូលរួមចំណែកយ៉ាងសំខាន់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្ស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញបើក មហាសន្និបាតតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃសភាយុវពាណិជ្ជករអន្តរជាតិ ប្រចាំឆ្នាំ២០២៤ នៅខេត្តសៀមរាប នាល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ។
សូមជម្រាបជូនថា មហាសន្និបាតនេះ រៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦-៩ ខែមិថុនា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមជាតិ និងអន្តរជាតិប្រមាណជិត៤ពាន់នាក់ មកពី ២១ប្រទេសក្នុងតំបន់ និង២៣ប្រទេសពីតំបន់នានាផងដែរ។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន ថ្លែងថា រាជរដ្ឋាភិបាល សូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ JCI ក្នុងការលើកកម្ពស់ភាពអង់អាចរបស់យុវជនដែលបាន ចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្ស។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តរបស់ JCI និង JCI-កម្ពុជា កន្លងមក ក្នុងការជំរុញឱ្យមានការផ្លាស់ប្ដូរ ដែលផ្តល់ផលវិជ្ជមានល្អប្រសើរដល់ សហគមន៍ សុទ្ធសឹងជាគំនិតផ្តួចផ្តើមដ៏គួរឱ្យស្ញើចសរសើរ ដែលសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ JCI ក្នុងនាមជាដៃគូរបស់រាជរដ្ឋាភិបាល នៅក្នុងការអភិវឌ្ឍប្រទេស ៕