សម្តេចធិបតី៖ មហាសន្និបាត JCI នឹងក្លាយជាវេទិកាដែលជំរុញនូវកិច្ចសហប្រតិបត្តិការ និងវឌ្ឍនភាពល្អប្រសើរ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកទាំងមូល
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មហាសន្និបាត JCI នឹងក្លាយជាវេទិកាដែលជំរុញនូវកិច្ចសហប្រតិបត្តិការ និងវឌ្ឍនភាពល្អប្រសើរ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក និងសម្រាប់ពិភពលោកទាំងមូល ក្នុងបរិការណ៍នៃការព្យាយាមសម្រេចឱ្យបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព និងការទប់ស្កាត់ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញបើក មហាសន្និបាតតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃសភាយុវពាណិជ្ជករអន្តរជាតិ ប្រចាំឆ្នាំ២០២៤ នៅខេត្តសៀមរាប នាល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ។
សូមជម្រាបថា មហាសន្និបាតនេះ រៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦-៩ ខែមិថុនា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមជាតិ និងអន្តរជាតិប្រមាណជិត៤ពាន់នាក់ មកពី ២១ប្រទេសក្នុងតំបន់ និង២៣ប្រទេសពីតំបន់នានាផងដែរ។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា មហាសន្និបាតនេះ នឹងក្លាយជា វេទិកាដែលជំរុញនូវកិច្ចសហប្រតិបត្តិការ និងវឌ្ឍនភាពល្អប្រសើរ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក និងសម្រាប់ពិភពលោកទាំងមូល ក្នុងបរិការណ៍នៃការព្យាយាមសម្រេចឱ្យបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព និងការទប់ស្កាត់ផលប៉ះពាល់ ពីការប្រែប្រួលអាកាសធាតុ។ ប្រធានបទ «Rising Together» ពិតជាស័ក្ដិសម ក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ វិបត្តិសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងការផ្ទុះឡើងជាបន្តបន្ទាប់នៃជំងឺរាតត្បាតថ្មីៗជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងនោះរដ្ឋបាល ខេត្តសៀមរាប និងជាពិសេស សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានផ្តល់កិច្ចសហការដ៏ស្រស្រាក់ស្រស្រាំ និងការគាំទ្រដ៏ល្អ ដើម្បីចូលរួមចំណែកជាមួយ JCI-កម្ពុជា ក្នុងការរៀបចំ មហាសន្និបាតនេះ ឱ្យប្រកបដោយភាពជោគជ័យ ៕