មន្ត្រីក្រសួងសុខាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំសុខាភិបាលតំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីជំងឺគ្រុនចាញ់ លើកទី៨ នៅប្រទេសប៉ាពួនូវហ្គីនៀរ
ភ្នំពេញ៖ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការ នៃក្រសួងសុខាភិបាលបានដឹកនាំក្រុមការងារចូលរួម “កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំសុខាភិបាលតំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីជំងឺគ្រុនចាញ់ លើកទី៨ “8th Asia Pacific Leaders Summit on Malaria Elimination” ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសប៉ាពួនូវហ្គីនៀរ ក្រោមអធិបតីភាពឯកឧត្តម Ivan Pomaleu រដ្ឋលេខាធិការទទួលបន្ទុកទីស្តីការនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយករដ្ឋមន្ត្រី នៃប្រទេសប៉ាពួនូវហ្គីនៀរ។ កិច្ចប្រជុំកំពូលនេះរៀបចំឡើងក្រោមប្រធានបទ “វិនិយោគដើម្បីសម្រេចបានការគ្មានជំងឺគ្រុនចាញ់” ( Invest to Achieve Zero Malaria) និងផ្តោតលើកិច្ចការសំខាន់ចំនួនបី៖ (១) ពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមនៃការងារកំចាត់ជំងឺគ្រុនចាញ់ពាក់ព័ន្ធនឹងគោលដៅលប់បំបាត់ជំងឺដែលបានកណត់ថានឹងសម្រេចបាននៅចុងឆ្នាំ២០៣០(២)ការមាននិរន្តរភាពក្នុងការផ្តល់ហិរញ្ញប្បទាន និងការចូលរួមរបស់សហគមន៍ក្នុងការងារកំចាត់រោគគ្រុនចាញ់ និង(៣) ការប្តេជ្ញាចិត្តគាំទ្រការលប់បំបាត់ជំងឺគ្រុនចាញ់នៅដំណាច់ឆ្នាំ ២០៣០ ។ គួរកត់សម្គាល់ដែរថា ប្រតិភូសុខាភិបាលកម្ពុជា រួមមានឯកឧត្តមអនុរដ្ឋលេខាធិការ និងលោកវេជ្ជបណ្ឌិត ស៊ីវ សុវណ្ណាររ័ត្ន ប្រធានការិយាល័បបច្ចេកទេស នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ាស៊ីតសាស្ត្រ និងបាណកសាស្ដ្រ ក៏បានរួមចំណែក ចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំកំពូលនេះ ផងដែរ ពិសេសតាមរយៈការចូលរួមចំណែកធ្វើជាប្រធានអាសនៈ នៃកិច្ចពិភាក្សាលើប្រធានបទ ” ការធ្វើការសម្រេចចិត្តដោយផ្អែកលើទិន្នន័យ និងភស្តុតាងជាក់ស្តែង” ដោយឯកឧត្តមអនុរដ្ឋលេខាធិការ ព្រមទាំងការធ្វើបទបង្ហាញ និងការផ្តល់យោបល់ ដោយក្រុមការងារដែលជាធាតុចូលសំរាប់កិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ។ សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋមន្ត្រី តំណាងស្ថានទូត ពីប្រទេសមួយចំនួន ថ្នាក់ដឹកនាំ និងតំណាងពីក្រសួងសុខាភិបាល តំណាងស្ថាប័នពាក់ព័ន្ធ អ្នកជំនាញជំងឺគ្រុនចាញ់ ជំនាញសុខាភិបាល តាមប្រទេសមួយចំនួន ព្រមទាំង តំណាងមកពីដៃគូអភិវឌ្ឍន៍ ព្រមទាំងតំណាងមកភាគីពាក់ព័ន្ធនឹងការងារខាងលើនេះ អញ្ជើញមកពីប្រទេសចំនួន ១៥ និងសរុបមានអ្នកចូលរួមប្រមាណ ១៨០ រូប។ កិច្ចប្រជុំនេះត្រូវបានសហការរៀបចំដោយក្រសួងសុខាភិបាល នៃប្រទេសប៉ាពួនូវហ្គីនៀរ( Papua New Guinea) រួមជាមួយនឹងអង្គការ APLMA (Asia Pacific Leaders Malaria Alliance ) ដែលប្រព្រឹត្តិទៅនៅទីក្រុងផតម៉ូរីសប៊ី នៃប្រទេសប៉ាពួនូវហ្គីនី៕