ក្រសួងមុខងារសាធារណៈ តម្រង់ទិសមន្រ្តីក្រោមឱវាទរបស់ខ្លួនលើកិច្ចការវិភាគមុខងារ
ភ្នំពេញ៖ នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ បានដឹកនាំកិច្ចប្រជុំស្តីពីការតម្រង់ទិសលើការងារនៃការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពមន្រ្តីរាជការស៊ីវិលក្រសួង ស្ថាប័ន។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលសហសិក្សាសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីប្រធាន អនុប្រធាន សមាជិកអចិន្រ្តៃយ៍ និងសមាជិកនៃក្រុមការងារបច្ចេកទេសលើកកម្ពស់ប្រសិទ្ធភាពការងារ នៃអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ សរុបចំនួនប្រមាណ ១២០នាក់។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងតម្រង់ទិសដល់មន្រ្តីរាជការទាំងអស់ គឺត្រូវពង្រឹងសមត្ថភាពបន្ថែម និងពន្លឿនការអនុវត្តលើកិច្ចការងារការវិភាគមុខងារនេះដើម្បីទទួលបានលទ្ធផលប្រកបដោយ គុណភាព និងប្រសិទ្ធភាព។
ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមប្រធាន បានមានប្រសាសន៍ថាការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន គឺត្រូវមើលទៅលើមុខងារ ទៅតាមច្បាប់ និងអនុក្រឹត្យនានារបស់ក្រសួង ស្ថាប័ននីមួយៗ។ ជាមួយគ្នានេះដែរ មុខងារសំខាន់ៗរបស់ក្រសួងមុខងារសាធារណៈរួមមាន៖ ១)ការគ្រប់គ្រងធនធានមនុស្ស គិតចាប់ពីការជ្រើសរើសរហូតដល់ចូលនិវត្តន៍ ២)ការអភិវឌ្ឍធនធានមនុស្ស ទៅលើការបណ្តុះបណ្តាល ការបណ្តុះបណ្តាលបន្ត និងបណ្តុះបណ្តាលក្រៅប្រទេស ៣)ការកែទម្រង់រដ្ឋបាលសាធារណៈ លើការអនុវត្តវិធានការគន្លឹះទាំង៣។
អង្គប្រជុំបានធ្វើការពិភាក្សាផ្តល់មតិយោបល់ទៅលើការងារចំពោះមុខរួមមាន៖ ១)ស្ថានភាពការងារបច្ចុប្បន្ន ២)បញ្ហាប្រឈម និង ៣)ទិសដៅការងារបន្តក្នុងការអនុវត្ត។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលើកទឹកចិត្តនិងបានជំរុញឱ្យមន្រ្តីក្រោមឱវាទរបស់ក្រសួងទាំងអស់ចាត់ទុកការងារវិភាគមុខងារនេះ គឺជាការងារអាទិភាពមួយដែលចង្អុលបង្ហាញដោយផ្ទាល់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានសំណូមពរមន្រ្តីទាំងអស់ចូលរួមលើការងារនេះឱ្យបានសស្រាក់សស្រាំ ដើម្បីសម្រេចគោលដៅស្របតាមចក្ខុវិស័យនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕