សម្តេចធិបតី៖ បច្ចេកវិទ្យា និងវិទ្យាសាស្រ្តបន្តវិវត្តន៍ក្នុងល្បឿនយ៉ាងលឿន ហើយវាមានភាពចាំបាច់ដែលពិភពលោកត្រូវការប្រើប្រាស់ និងត្រួតពិនិត្យឲ្យបានម៉ត់ចត់
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា បច្ចេកវិទ្យា និងវិទ្យាសាស្រ្តបន្តវិវត្តន៍ក្នុងល្បឿនយ៉ាងលឿន ហើយវាមានភាពចាំបាច់ដែលពិភពលោកត្រូវការប្រើប្រាស់ និងត្រួតពិនិត្យឲ្យបានម៉ត់ចត់លើបច្ចេកវិទ្យាដែលកំពុងលេចឡើងថ្មី ដែលវាអាចមានលទ្ធភាព និង ឥទ្ធពលកែប្រែពិភពលោក និងតម្រង់ទិសវឌ្ឍនៈភាពនៃបច្ចេកវិទ្យា។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ នៅខេត្តសៀមរាប នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាគឺជា និច្ចកាលជាសរសរស្តម្ភដ៏សំខាន់ដែលទ្រទ្រង់វឌ្ឍនៈភាពរបស់មនុស្សជាតិ ហើយការជឿនលឿននូវបច្ចេក វិទ្យានេះបានផ្លាស់ប្តូរនូវមូលដ្ឋានឧស្សាហកម្ម និងទិដ្ឋភាពសង្គមផងដែរ។
សម្តេចធិបតីបានបញ្ជាក់ថា វិទ្យាសាស្រ្តបច្ចេកវិទ្យានេះ បានជួយផ្តល់ដំណោះស្រាយផ្សេងៗ បានជួយឲ្យជីវិត របស់មនុស្សរស់នៅកាន់តែប្រសើរ ងាយស្រួលជាងមុន និងថែមទាំងជួយពង្រឹងវិសាលភាពរបស់មនុស្ស ជាតិឲ្យកាន់តែល្អប្រសើរផងដែរ៕