សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជានិច្ចកាល ជាសសរស្តម្ភដ៏សំខាន់ ដែលទ្រទ្រង់វឌ្ឍនភាព របស់មនុស្សជាតិ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជានិច្ចកាល គឺជាសសរស្តម្ភដ៏សំខាន់ ដែលទ្រទ្រង់វឌ្ឍនភាព របស់មនុស្សជាតិ, ជួយផ្ដល់ជាដំណោះស្រាយផ្សេងៗ, ធ្វើឱ្យជីវិតរបស់យើងកាន់តែល្អប្រសើរ និង ងាយស្រួលជាងមុន, និង បានជួយពង្រីកវិសាលភាព និងលទ្ធភាពនៃការគ្រប់គ្រងរបស់មនុស្សជាតិទៅលើសង្គម, ធម្មជាតិ និងភពផែនដីរបស់យើង ។
ក្នុងឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ ដែលរៀបចំឡើងនៅលើទឹកដីខេត្តសៀមរាប ដែនដីប្រាង្គប្រាសាទដ៏ល្បាញល្បីរបស់ខ្មែរ នាថ្ងៃ៧ មិថុនានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរីកចម្រើននៃបច្ចេកវិទ្យាបានកាត់បន្ថយចម្ងាយនៃភូមិសាស្ត្រ, បង្កើនល្បឿន និង ពង្រឹងសកលភាវូបនីយកម្ម ដែលបានជួយធ្វើឱ្យ ពិភពលោករបស់យើង កាន់តែខិតជិតគ្នា និង បានផ្ដល់នូវកាលានុវត្តភាពជាច្រើន នៅលើទិដ្ឋភាព នៃការចែករំលែកចំណេះដឹង និង ការបង្កើតធនធានសេដ្ឋកិច្ច សម្រាប់ពិភពលោកទាំងមូល ៕