សម្តេចធិបតី៖ ពហុភាគីនិយម ជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ក្នុងការចាប់យកបច្ចេកវិទ្យា កំពុងលេចឡើងថ្មី ដើម្បីធានាថា បច្ចេកវិទ្យាទាំងនោះបម្រើឱ្យមនុស្សជាតិ មិនមែនមនុស្សជាតិ ត្រូវរត់តាមបម្រើបច្ចេកវិទ្យា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ពហុភាគីនិយមគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ នៅក្នុងការចាប់យកបច្ចេកវិទ្យា ដែលកំពុងលេចឡើងថ្មី ដើម្បីធានាថា បច្ចេកវិទ្យាទាំងនោះបម្រើឱ្យមនុស្សជាតិ មិនមែនមនុស្សជាតិ ត្រូវរត់តាមបម្រើបច្ចេកវិទ្យាទាំងនោះទេ។
ក្នុងឱកាសអញ្ជើញ បើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ ដែលរៀបចំឡើងនៅលើទឹកដីខេត្តសៀមរាប នាថ្ងៃទី៧ ខែមិថុនានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាលើកឡើងថា ការប្រកាន់អភិក្រមដែលយកប្រជាជនជាស្នូល នៅក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត មានសារៈសំខាន់យ៉ាងខ្លាំង ហើយយើងក៏ត្រូវជំរុញការផ្លាស់ប្តូរ ឥរិយាបថរបស់អ្នករៀបចំគោលនយោបាយ អ្នកស្រាវជ្រាវ និង ស្ថាប័នឯកជនផងដែរ ។
សម្តេចធិបតី បានថ្លែងថា ប្រទេសទាំងឡាយត្រូវប្រកួតប្រជែងយ៉ាងខ្លាំងក្លា នៅក្នុងការចាប់យកបច្ចេកវិទ្យាទំនើបបំផុត ប៉ុន្តែយើងក៏ត្រូវធានាថា យើងនៅតែអាចបង្កើតលំហ សម្រាប់កិច្ចសហប្រតិបត្តិការ នៅក្នុងការប្រកួតប្រជែងដោយភាពថ្លឹងថ្លែងរបស់យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អាស៊ានដែលមានប្រវត្តិយូរលង់ នៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងវិស័យវិទ្យាសាស្ត្រ, បច្ចេកវិទ្យា និង នវានុវត្តន៍, គួរតែត្រូវខិតខំតស៊ូមតិឱ្យបានខ្លាំងក្លាបន្ថែមទៀត អំពីភាពចាំបាច់នៅក្នុងការប្រកាន់ខ្ជាប់គោលការណ៍ពហុភាគីនិយម ដើម្បីតម្រង់ទិសអនាគតបច្ចេកវិទ្យាថ្មីៗ ៕