ក្រសួងបរិស្ថានគ្រោងរៀបចំតំបន់ការពារធនធានធម្មជាតិភ្នំគូលែន និងភ្នំណាមលៀរទៅជាសួន ឧទ្យានភូគម្ភសាស្រ្ត (Go-Park) ដើម្បីអភិរក្សបេតិកភណ្ឌភូមិសាស្ត្ររបស់ផែនដី
ភ្នំពេញ៖ ការពិចារណាលើការរៀបចំដាក់តំបន់ការពារធនធានធម្មជាតិភ្នំគូលែន និងភ្នំណាមលៀរទៅជាសួន ឧទ្យានភូគម្ភសាស្រ្ត (Go-Park) ដើម្បីអភិរក្សបេតិកភណ្ឌភូមិសាស្ត្រនេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកសាស្រ្តាចារ្យបណ្ឌិត Watanabe Koichiro ជាទីប្រឹក្សាជាន់ខ្ពស់ JICA នៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា តំបន់ឧទ្យានអង្គវត្ត និងដែន ជម្រកសត្វព្រៃ ភ្នំណាមលៀរ មានសក្តានុពល និងជាបេក្ខភាពជ្រើសរើសឱ្យមានការរៀបចំជាសួន/ឧទ្យានភូគម្ភសាស្រ្ត ដើម្បីបង្កើតជាគោលដៅលំហែបៃតងថ្មីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបម្រើដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស-និស្សិតផង។
លោកសាស្រ្តាចារ្យបណ្ឌិត Watanabe Koichiro ទីប្រឹក្សាជាន់ខ្ពស់JICA បានថ្លែងការកោតសរសើរ ស្វាគមន៍ និងគាំទ្រដល់បេក្ខភាពនៃតំបន់ការពារធម្មជាតិទាំងពីរខាងលើ និងបានស្នើដល់ក្រសួងបរិស្ថានពិចារណារៀបចំក្រុមការងារដើម្បីសិក្សាលទ្ធភាពលើបេក្ខភាពតំបន់ការពារធម្មជាតិទាំងពីរខាងលើ និងបណ្តាតំបន់ការពារធម្មជាតិផ្សេងៗទៀត ៕