អភិបាលខេត្តព្រះសីហនុ ស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការបង្ក្រាបក្មេងទំនើង ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់
ភ្នំពេញ៖ នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញប្រគល់ប័ណ្ណសរសើរ លិខិតសរសើរក្នុងពិធីផ្សព្វផ្សាយ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជូនដល់ក្រុង ស្រុក ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីជាមេឃុំ ចៅសង្កាត់ និងមេប៉ុស្តិ៍រដ្ឋបាលទាំង២៩។
លោកវរសេនីយ៍ឯក កាន់ វណ្ណា ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ពិធីប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើរក្នុងពិធីផ្សព្វផ្សាយការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ជូនដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ឆ្នាំ២០២៣នេះ។ ខេត្តព្រះសីហនុ មានប៉ុស្តិ៍នគរ បាលរដ្ឋបាលចំនួន ២៩ឃុំ សង្កាត់ ហើយប៉ុស្តិ៍រដ្ឋបាលរឹងមាំមានចំនួន ២៤ប៉ុស្តិ៍ មិនទាន់រឹងមាំមានចំនួន ៤ប៉ុស្តិ៍ និងមិនទាន់មានស្នាក់ការចំនួន ១ប៉ុស្តិ៍ (សង្កាត់កោះរ៉ុងសន្លឹម)។ ចំពោះលទ្ធផលការផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សម្រាប់ឆ្នាំ២០២៣នេះ ទទួលបានលទ្ធផល រួមមាន៖ ចំណាត់ថ្នាក់លេខ១ មាន ៣ឃុំ, ចំណាត់ថ្នាក់លេខ២ មាន ២១ឃុំ សង្កាត់ និងចំណាត់ថ្នាក់លេខ៣ មាន ៣ឃុំ សង្កាត់។ ដោយឡែក ២ឃុំ សង្កាត់មិនទទួលបានចំណាត់ថ្នាក់គឺ (សង្កាត់លេខ៤ និងឃុំទឹកថ្លា)។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍សំណេះសំណាលជាមួយលោក លោកស្រីជាអភិ បាល អភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមេប៉ុស្តិ៍រដ្ឋបាលក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមប្រគល់ប័ណ្ណ សរសើរ និងលិខិតសរសើរការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ស្របតាមគោលនយោបាយនេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជំរុញឱ្យមន្ត្រីរបស់យើងខិតខំបំពេញការងារ ដើម្បីធានាសុខសន្តិសុខ សុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ រស់នៅប្រកបដោយសុខដុមរមនា ហើយកិច្ចការប្រឡង ប្រណាំង ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព មិនមែនជារឿងដំបូងនោះទេ យើងបានអនុវត្តជាច្រើនឆ្នាំកន្លងមកហើយ ព្រោះសារសំខាន់ នៃភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយរបស់ក្រសួងមហាផ្ទៃដែលបានដាក់ឱ្យអនុវត្តស្របតាមការរីកចម្រើន នៃប្រទេសជាតិនាពេលបច្ចុប្បន្ន។ បន្ទាប់ពីប្រទេសជាតិមានសុខសន្តិភាព បញ្ហាសន្តិសុខនៅតែជាបញ្ហាប្រឈមមួយដែលយើងទាំងអស់គ្នាត្រូវចូលរួមអនុវត្តឱ្យមានប្រសិទ្ធិភាព ប្រសិទ្ធិផល។ ក្នុងក្របខណ្ឌគណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវបំផុសឱ្យប្រជាពលរដ្ឋចូលរួមរាយការណ៍ពីសកម្មភាពបទ ល្មើសនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ដើម្បីធ្វើឱ្យបទល្មើសនៅក្នុងមូលដ្ឋានមានថយចុះ ទន្ទឹមនោះយើងត្រូវរក្សាការ សម្ងាត់ចំពោះអ្នកដែលរាយការណ៍ និងត្រូវមានវិធានការលើកទឹកចិត្ត ទើបបទល្មើសនៅក្នុងមូលដ្ឋានមានការថយចុះ ហើយប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ត្រូវក្តាប់ឱ្យបាននូវបទល្មើស ដើម្បីបង្ការទប់ស្កាត់បានទាន់ពេលវេលាធ្វើឱ្យសន្តិសុខ សណ្តាប់ធ្នាប់នៅតាមមូលដ្ឋានគ្រប់គ្រងបានល្អ ជាភាពជោគជ័យ នៃគោលនយោបាយប្រឡងប្រណាំង ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
ឯកឧត្តមអភិបាលខេត្ត បានសុំឱ្យអាជ្ញាធរ កងកម្លាំងសមត្ថកិច្ចបន្តការខិតខំយកចិត្តទុកដាក់ទាំងអស់គ្នាចំពោះគ្រឿងញៀន ព្រោះអ្នកប្រើប្រាស់ និងអ្នកជួញដូរ ដែលបង្កអសន្តិសុខដល់សង្គមជាតិ៖
១.ស្នើសុំឱ្យកងកម្លាំង និងអាជ្ញាធរធ្វើការអប់រំ ផ្សព្វផ្សាយ និងការអនុវត្តវិធានការច្បាប់ ដល់ប្រជាពលរដ្ឋ ពិសេសយុវជន ស្តីពីបញ្ហាគ្រឿងញៀន។
២.ក្មេងទំនើង ត្រូវតែអនុវត្តចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ទាំងរដ្ឋបាល និងច្បាប់ ហើយគ្រប់ភាគីពាក់ព័ន្ធទទួលខុសត្រូវក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ យើងត្រូវសង្កេតមើលថា ប្រសិនបើឃើញក្មេងមានដាវ កាំបិទ និងអាវុធផ្សេងៗ ត្រូវចាត់វិធានការឱ្យបានទាន់ពេលវេលា គណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវធ្វើរដ្ឋបាលចំហរកន្លែងប្រមូលផ្តុំ ដើម្បីធ្វើការគ្រប់គ្រងរកសារធាតុញៀន និងអាវុធ។
៣.គ្រោះថ្នាក់ចរាចរណ៍ ក៏ជារឿងមួយសំខាន់ ហើយវាបានធ្វើការគំរាមកំហែងដល់អាយុជីវិត និងទ្រព្យសម្បត្តិ យើងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ហើយការអប់រំ ផ្សព្វផ្សាយត្រូវធ្វើពីចម្ងាយជាបន្តបន្ទាប់។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវឧបត្ថម្ភដល់ជ័យលាភីការផ្សព្វផ្សាយអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជូនដល់ឃុំ សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ដែលជាប់ជ័យលាភីលេខ១ ដល់លេខ៣ ទទួលបានថវិកា និងប័ណ្ណសរសើរ លិខិតសរសើរផងដែរ ៕