មូលនិធិគន្ធបុប្ផាកម្ពុជា ណែនាំនៅពេលសប្បុរសជន ស្កែន QR Code ដើម្បីបរិច្ចាគ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សូមពិនិត្យមើលឈ្មោះគណនីឱ្យបានច្បាស់ដើម្បីចៀសវាងករណីមានជនខិលខូចក្លែងបន្លំ
ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជាបានឱ្យដឹងថា បន្ទាប់ពី លោកជំទាវបណ្ឌិត ពោជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានប្រកាសបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ជាផ្លូវការកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ, សប្បុរសជនជាង ១២ ម៉ឺននាក់ បានចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ ដោយទទួលបានថវិកាបរិច្ចាគសមមូលជាប្រាក់ដុល្លារ ចំនួនប្រមាណ ១លាន ២៧ ម៉ឺន ដុល្លារអាម៉េរិក។
ទន្ទឹមពេលជាមួយគ្នានេះ, មូលនិធិគន្ធបុប្ផាកម្ពុជា សូមជម្រាបជូនដំណឹងថា នៅពេលសប្បុរសជន ស្កែន QR Code ដើម្បីបរិច្ចាគ, សូមមេត្តាពិនិត្យមើលឈ្មោះគណនីដែលលេចលើអេក្រង់ទូរសព្ទរបស់ លោកអ្នក ដើម្បីចៀសវាងករណីមានជនខិលខូចក្លែងបន្លំ QR Code ផ្ទាល់ខ្លួន។ QR Code ដែលត្រឹមត្រូវ របស់មូលនិធិគន្ធបុប្ផាកម្ពុជា, នៅពេលស្កែនដើម្បីបរិច្ចាគនឹងឃើញឈ្មោះ “មូលនិធិគន្ធបុប្ផាកម្ពុជា ជា អ្នកទទួល នៅលើអេក្រង់ទូរសព្ទរបស់លោកអ្នក។
មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សូមឆ្លៀតឱកាសនេះ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សប្បុរសជនទាំងអស់ដែលបានបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា តាមរយៈការរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យ គន្ធបុប្ផាក្នុងការបន្តបេសកកម្មពិនិត្យ និងព្យាលទារក និងកុមារ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង៕