សមត្ថកិច្ចបើកការចុះបង្ក្រាបមុខសញ្ញាគ្រឿងញៀន កើតការបាញ់តបតគ្នា រហូតជនសង្ស័យបាញ់សម្លាប់ខ្លួនឯង
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរជាតិ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកការចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនដ៏ធំម្នាក់ រហូតឈានដល់ការបាញ់តបតគ្នាទៅមក ប៉ុន្តែលទ្ធិផលចុងក្រោយជនសង្ស័យអស់ជម្រើសក្នុងការតតាំង ក៏បានបាញ់សម្លាប់ខ្លួនឯង។
ប្រតិបត្តិការបង្ក្រាបដ៏ក្តៅរបស់សមត្ថកិច្ច បានធ្វើឡើងនារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ការចុះបង្ក្រាបនេះ ធ្វើឡើងក្រោមការដឹកនាំកម្លាំង និងបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងសមត្ថកិច្ចរាជធានី និងនគរបាលមូលដ្ឋានខណ្ឌឬស្សីកែវ។
យោងតាមប្រភពព័ត៌មាន ដំបូងឡើយ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកការស្រាវជ្រាវកំណត់បានច្បាស់ពីទីតាំងរបស់ក្រុមជនសង្ស័យ រួចក៏បានចុះទៅដល់ទីតាំងបន្ទប់ជួលកើតហេតុ ដើម្បីធ្វើការបង្ក្រាប ប៉ុន្តែកំឡុងពេលនោះ ជនសង្ស័យបានដឹងខ្លួន ក៏បានធ្វើសកម្មភាពបាញ់ស្រោចជាច្រើនគ្រាប់ទៅកាន់កម្លាំងសមត្ថកិច្ច ជាហេតុធ្វើឱ្យសមត្ថកិច្ចប្រើសិទ្ធិស្វ័យការពារខ្លួន ក៏បានបាញ់តបទៅវិញ តែមិនមាននណារម្នាក់រងរបួសនោះឡើយ។
បន្ទាប់ពីមានការបាញ់តបតភ្លាមៗ កម្លាំងសមត្ថកិច្ច បានសហការគ្នា បើកប្រតិបត្តិការទ្រង់ទ្រាយធំ ឡោមព័ទ្ធតំបន់នៅជុំវិញផ្ទះរបស់ជនសង្ស័យ ដើម្បីធ្វើការបង្ក្រាប។ ទន្ទឹមនឹងការឡោមព័ទ្ធ ដងផ្លូវគ្រប់ច្រកល្ហកនៅជុំវិញតំបន់នោះ ត្រូវបានសមត្ថកិច្ចបិទលំហូរចរាចរណ៍ធ្វើដំណើរទាំងស្រុង និងបានណែនាំឱ្យពលរដ្ឋមានលំនៅឋានក្បែរនោះ ចូលទៅផ្ទះរៀងៗខ្លួនដើម្បីសុវត្ថិភាព។
ប្រតិបត្តិការ បានអូសបន្លាយពេលជាច្រើនម៉ោង ដោយសមត្ថកិច្ចបានបន្តការឡោមព័ទ្ធ និងបានត្រៀមកម្លាំងជំនាញ (ក្រុមឈុតខ្មៅ) ដើម្បីចូលទៅបង្ក្រាប ប៉ុន្តែមិនមានការបាញ់តបតគ្នានោះឡើយ។ លុះនៅវេលាម៉ោង១៧និង៣០នាទីល្ងាចថ្ងៃខែដដែល កម្លាំងសមត្ថកិច្ចបានបុកទម្លុះចូលបន្ទប់ជនសង្ស័យដើម្បីបង្ក្រាប ប៉ុន្តែពេលចូលទៅដល់ក្នុងនោះ ក៏ស្រាប់តែប្រទះឃើញ ជនសង្ស័យដេកស្លាប់ក្នុងថ្លុកឈាម ដោយការបាញ់សម្លាប់ខ្លួនឯង ប៉ុន្តែមិនដឹងបាញ់តាំងពីពេលណានោះឡើយ។
តាមប្រភពមន្ត្រីសមត្ថកិច្ច៖ ជនសង្ស័យខាងលើនេះ គឺជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារជាង១០ឆ្នាំ ហើយក៏ទើបតែចេញពីពន្ធនាគារបានតែ២ឆ្នាំផងដែរ ក៏ត្រូវសមត្ថកិច្ចតាមបង្ក្រាប រហូតបាញ់សម្លាប់ខ្លួនឯងតែម្តងទៅ។ សមត្ថកិច្ចបន្តថា អាវុធដែលជនសង្ស័យប្រើប្រាស់គឺ៖ ម៉ាកឡុក ហើយមាន០៩គ្រាប់ក្នុងបង់ ត្រូវបានបាញ់ទាំងអស់ផងដែរ ៕