ឯកឧត្តម គង់ ភោគ អញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា
ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្ដមមន្ត្រីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។
កិច្ចប្រជុំបានពិភាក្សាអំពីរបៀបវារៈសំខាន់ៗរួមមាន របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តផែនការសកម្មភាពនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (២០២៤-២០២៨) និងបានផ្លាស់ទស្សនៈអំពីការវិវឌ្ឍនៃតំបន់ និងអន្តរជាតិ។
កិច្ចប្រជុំក៏បានពិភាក្សាផងដែរអំពីការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៤ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៤ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៩ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែតុលា ឆ្នាំ២០២៤ ៕