រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមសន្និសីទលើកទី១៧របស់រដ្ឋភាគីនៃអនុសញ្ញាស្ដីពីសិទ្ធិជនពិការ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
ភ្នំពេញ៖ ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការសម្របសម្រួលពីសំណាក់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា, ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងកម្ពុជា អញ្ជើញចូលរួមសន្និសីទលើកទី១៧របស់រដ្ឋភាគីនៃអនុសញ្ញាស្ដីពីសិទ្ធិជនពិការ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រោមប្រធានបទ «ការពិចារណាឡើងវិញអំពីបរិយាបន្នពិការភាពនៅក្នុងវេទិការអន្តរជាតិបច្ចុប្បន្ននិងមុនកិច្ចប្រជុំកំពូលក្នុងពេលអនាគត» និងប្រធានបទជាក់លាក់ចំនួន៣គឺ៖
១.កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីលើកកម្ពស់នវានុវត្តន៍ និងការផ្ទេរបច្ចកវិទ្យា
២.ជនមានពិការភាពក្នុងស្ថានភាពហានិភ័យ និងគ្រោះអាសន្នផ្នែកមនុស្សធម៌
៣.លើកកម្ពស់សិទ្ធិជនមានពិការភាពឱ្យមានការងារសមរម្យ និងជីវភាពរស់នៅប្រកបដោយនិរន្តរភាព ៕