សម្តេចធិបតី៖ ធ្វើឲ្យអភិបាលកិច្ចមួយមានប្រសិទ្ធភាព ត្រូវមានចំណុចពីរ គឺយន្តការ ប្រព័ន្ធការងារល្អ និងធនធានមនុស្ស
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្ដាលឆ្នាំ២០២៣ និងពិធីបើកវគ្គ បណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ធ្វើអ្វីក៏ដោយត្រូវមាន ធនធានមនុស្សដែលមានសមត្ថភាព និងត្រូវមានប្រព័ន្ធការងារល្អ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គ្រប់អ្វីៗទាំងអស់មិនអាចដំណើរការបានល្អ ប្រសិនជាយើងគ្មានធនធានមនុស្ស បើមានធនធានមនុស្សល្អហើយ ក៏ត្រូវរៀបចំប្រព័ន្ធការងារឲ្យបានល្អ បែងចែកតួនាទីច្បាស់លាស់។ សម្តេចធិបតី បានបន្តថា “មានប្រព័ន្ធការងារល្អ លុះត្រា ណាយើងត្រូវមានធនធានមនុស្សគ្រប់គ្រាន់។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រដ្ឋបាលសាធារណៈ បង្កើតដើម្បីដឹកនាំសម្របសម្រួល និងបម្រើ រៀបចំប្រព័ន្ធការងារឱ្យមានលំដាប់លំដោយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់អនុសាសន៍ផងដែរថា ការអនុវត្តត្រូវមានភាពបត់បែន តាមសភាពការ ភូមិសាស្រ្ត ប្រជាសាស្រ្តជាដើម។
សូមជម្រាបថា រាជរដ្ឋាភិបាលបានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដោយផ្ដោតលើ អភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយ សមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ តាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋ ពិសេសការធានា និរន្តរភាព និង ដំណើរការរដ្ឋបាលសាធារណៈ ដោយយកចិត្តទុកដាក់លើផលប្រយោជន៍ប្រជាជន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព ៕