សម្តេចធិបតី៖ ធនធានមនុស្សគឺជាកត្តាធំបំផុតសម្រាប់កសាងជាតិ ឲ្យកាន់តែរីកចម្រើន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ធនធានមនុស្សគឺជាកត្តាធំបំផុតសម្រាប់កសាងជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀតលើគ្រប់វិស័យ ហើយប្រសិនបើគ្មានធនធានមនុស្សទេកិច្ចការងារអ្វីក៏មិនអាចសម្រេចបាននោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្ដាលឆ្នាំ២០២៣ និងពិធីបើកវគ្គ បណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់សិស្សមន្រ្ដីនៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ខិតខំអភិវឌ្ឍន៍ខ្លួន និងបំពេញការងារឱ្យអស់ពីសមត្ថភាពដើម្បីបម្រើប្រជាពលរដ្ឋ និងជួយអភិវឌ្ឍន៍សង្គមជាតិ កម្ពុជាប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វ័យឆ្លាត និងស្អាតស្អំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មានប្រព័ន្ធការងារល្អ លុះត្រា ណាយើងត្រូវមានធនធានមនុស្សគ្រប់គ្រាន់ ដូច្នេះយើងត្រូវតែពង្រឹងនូវធនធានមនុស្សនេះឲ្យកាន់តែល្អ ប្រសើរបន្ថែមទៀតគ្រប់ក្រសួង ស្ថាប័នទាំងអស់។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីឱ្យការងារក្នុងស្ថាប័នមួយរីកមច្រើន និង ដំណើរការទៅដោយរលូន គឺត្រូវមានយន្តការល្អ និងធនធានមនុស្សប្រកបដោយសមត្ថភាព ៕