សម្តេចធិបតី៖ ស្នូលនៃគោលនយោបាយនៃយុទ្ធសាស្រ្តបញ្ចកោណ គឺការពង្រឹងអភិបាលកិច្ច
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅក្នុងអណត្តិទី៧ ដំណាក់កាលទី១ នៃយុទ្ធសាស្រ្តបញ្ចកោណនេះ រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញជាយុទ្ធសាស្រ្តក្នុងការពង្រឹងសមិទ្ធកម្មបន្ថែម សំដៅដល់ការបម្រើប្រជាពលរដ្ឋ ពោលគឺ «ស្នូលនៃគោលនយោបាយនៃយុទ្ធសាស្រ្តបញ្ចកោណ គឺការពង្រឹងអភិបាលកិច្ច»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា អភិបាលកិច្ចគឺជាការធានាដល់ការប្រតិបត្តិរួមគ្នា សង្គតិភាព ប្រសិទ្ធភាព និងជាប្រទីបមួយសម្រាប់បញ្ជាក់អំពីការទួលខុសត្រូវ។ ដូច្នេះ អភិបាលកិច្ចល្អគឺជាការធ្វើទំនើបកម្មសា្ថប័នឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វ័យឆ្លាត និងស្អាតស្អំ តាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋ ជាពិសេសការធានានិរន្តភាព និងដំណើរការរបស់រដ្ឋបាលសាធារណៈដោយយកចិត្តទុកដាក់លើផលប្រយោជន៍របស់ប្រជាជននិងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព។
សម្តេចធិបតី បានបន្ថែមថា ភាពជោគជ័យក្នុងការសម្រេចបាននូវអភិបាលកិច្ចចល្អអាស្រ័យលើកត្តាសំខាន់ចំនួន២ គឺ៖ ទី១.យន្តការ និងទី២.មនុស្ស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្ដាលឆ្នាំ២០២៣ និងពិធីបើកវគ្គ បណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ ៕