សម្តេចធិបតី៖ ដើម្បីពង្រឹងគុណភាពប្រឡង គឺគ្រប់គ្រងលើវិញ្ញាសាដែលត្រូវចេញ និងគ្រប់គ្រងលើកំណែវិញ្ញាសា
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ដើម្បីពង្រឹងគុណភាពប្រឡង គឺគ្រប់គ្រងលើវិញ្ញាសាដែលត្រូវចេញសម្រាប់ការប្រលងឱ្យបានហ្មត់ចត់កុំឱ្យមានការបែកធ្លាយ និងគ្រប់គ្រងលើកំណែវិញ្ញាសាឱ្យបានម៉ត់ចត់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្ដាលឆ្នាំ២០២៣ និងពិធីបើកវគ្គ បណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំទៅដល់ម្ដាយឪពុកដែលភ័យខ្លាចកូនមិនបានប្រលងជាប់ សូមកុំទៅរត់ការ ឬស្វែងរកការអន្តរាគមន៍ណាមួយ។ សម្ដេចធិបតីបន្ថែមថា បើឪពុកម្ដាយភ័យ ខ្លាចកូនប្រឡងមិនជាប់ សូមប្រាប់ឱ្យកូនខំប្រឹងរៀនសូត្រ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជោគជ័យលើកំណែទម្រង់ដ៏ធំបំផុតក្នុងការប្រឡង មិនមែនគ្រាន់តែជាការរឹតបន្ដឹងការប្រឡងនោះទេ ប៉ុន្ដែជាការកែប្រែឥរិយាបថរបស់សិស្ស និងឪពុកម្ដាយរបស់សិស្សឱ្យពួកគាត់បញ្ឈប់ស្វែងរកការអន្តរាគមន៍នៅពេលមានការប្រឡងណាមួយដូចជាការប្រឡងបាក់ឌុបជាដើម ៕