សម្តេចធិបតី៖ កូនខ្មែរ ចង់ក្លាយជាមន្រ្តី ត្រូវវិនិយោគលើការរៀនសូត្រ មិនត្រូវពឹងខ្សែរយៈឡើយ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតី បិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃ១០ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានផ្ញើសារទៅកាន់ក្រុមយុវជនជាកូនខ្មែរថា បើចង់ក្លាយជាមន្រ្តីបម្រើប្រជារាស្រ្ត ត្រូវវិនិយោគលើការរៀនសូត្រ និងមានសមត្ថភាព ដោយមិនត្រូវពឹងខ្សែរយៈ ឬរកថវិកាដើម្បីសូកប៉ាន់គេនោះទេ គឺត្រូវខិតខំរៀនសូត្រដោយខ្លួនឯង។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដើម្បីពង្រឹងគុណភាពប្រឡង គឺត្រូវគ្រប់គ្រងលើវិញ្ញាសា ដែលត្រូវចេញឲ្យបានហ្មត់ចត់ កុំឲ្យមានការបែកធ្លាយ។
សម្ដេចធិបតី បន្ដថា ម្ដាយ-ឪពុក ដែលភ័យខ្លាចកូនមិនបានប្រឡងជាប់ កុំទៅរត់ការ ឬស្វែងរកការអន្តរាគមន៍ណាមួយ តែត្រូវប្រាប់ឱ្យកូនខំប្រឹងរៀនសូត្រវិញ។
ទន្ទឹមនឹងនេះ សម្ដេចធិបតី បានឱ្យដឹងថា ភាពសុក្រឹត្យ សមត្ថភាព មុនក្លាយជាមន្រ្តីរាជការ ត្រូវបានបង្ហាញឡើងតាមរយៈ ការប្រឡងជ្រើសរើសមន្រ្តីរាជការកន្លងមក ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ ដោយឈរលើគោលការណ៍ «អ្នកចេះ គឺជាប់»៕