សម្តេចធិបតី៖ តួនាទីរបស់មន្ត្រី បានមកដោយសារពលរដ្ឋ ដូច្នេះមន្ត្រីទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់នូវអភិក្រម នៃការទទួលខុសត្រូវ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា តួនាទី និងកៅអីរបស់មន្ត្រី ដែលបានមកគឺដោយសារប្រជាពលរដ្ឋ ដូច្នេះមន្ត្រីទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់នូវអភិក្រម នៃការទទួលខុសត្រូវ។
ក្នុងឱកាសអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់យ៉ាងដូច្នេះថា «កៅអីយើងអង្គុយ ឱកាសយើងធ្វើ ស្ថាប័នយើងមានលទ្ធភាព បម្រើប្រជាពលរដ្ឋ គឺអាស្រ័យទៅលើប្រជាពលរដ្ឋ យើងធ្វើដើម្បីកសាងបរិស្ថានមួយ សម្រាប់យើងពសម្រាប់គ្រួសារយើងទៅអនាគត»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា វាអត់ល្អឥតខ្ចោះទេ ប៉ុន្តែត្រូវដាក់ចិត្តរួមគ្នា ដើម្បីកែសម្រួលបរិស្ថានយើង ឲ្យក្លាយទៅជាបរិស្ថានល្អឥតខ្ចោះ ជាប់ជាប្រចាំ។ រួមគ្នាទទួលស្គាល់ ទី១៖ បង្កើតនូវអំពើវិជ្ជមាន, សមទ្ធិផលវិជ្ជមាន បន្ថែមជូនសង្គមរបស់យើង, និងទី២៖ រួមគ្នាកាត់បន្ថយនូវរាល់ភាពអវិជ្ជមាន។
បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ចំណុចទាំងពីរនេះ ផ្គុំគ្នាទើបយើងអាចសម្រេចបាន នូវក្រុមគោលដៅនៃប្រទេសមួយដែលអភិវឌ្ឍ ហើយជាពិសេសបរិស្ថានមួយដែលនឹងនរ ដែលយើងរួមគ្នាអាចទទួលបាន ដោយភាពកក់ក្ដៅ ជាពិសេសពីការទទួលសេវាសាធារណៈ។
សម្តេចធិបតី ក៏បានរំលឹកដល់មន្ត្រី បម្រើសេវាសធារណៈ ជូនប្រជាពលរដ្ឋថា «មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរបស់រាស្ត្រនោះទេ» ហើយការបម្រើសេវាជូនប្រជាពលរដ្ឋបានល្អ ក៏ដូចជាបម្រើខ្លួនឯងផងដែរ។
សម្តេចសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋគ្រប់គ្នា ពិតជាមិនចង់បានសេវាសាធារណៈ ដែលតម្រូវឲ្យមានការអន្តរាគមន៍ ឬការចរចានោះទេ គឺចង់សេវាសាធារណៈដែលមានលំនឹង មានស្ថិរភាព អាចទុកចិត្តបាន៕