ឯកឧត្តម សុខ ពុទ្ធិវុធ អរគុណដល់គ្រប់ដៃគូពាក់ព័ន្ធដែលបានចូលរួមចំណែកដល់ការជំរុញការងារអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឱ្យកាន់រីកចម្រើន
ភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារទិន្នន័យសម្រាប់ថ្នាលឌីជីថលរបស់គណៈកម្មាធិការអាហារូបករណ៍ នៅអគារព្រីនស៍ ហូលឌីង គ្រុប។
មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តម អនុប្រធានគណៈកម្មាធិការ បាននាំការសាកសួរទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះក្រុមការងារ ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការធ្វើទំនើបកម្មប្រព័ន្ធឌីជីថល សំដៅធានាប្រសិទ្ធភាព និងប្រសិទ្ធផល។
ទន្ទឹមនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់គ្រប់ដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកដល់ការជំរុញការងារអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឱ្យកាន់រីកចម្រើនទូលំទូលាយបន្ថែមទៀត ៕