សម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទ ៤នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បង្កឡើងនៅចំណុចសង្កាត់បឹងកេងកង
ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៣៦៩៤ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ទាក់ទិននឹងករណីហិង្សា និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថាន ទម្ងន់ទោស ដែលមានជនត្រូវចោទមានខ្លួនចំនួន ០៤ នាក់ គឺ ១.ឈ្មោះ មុន បញ្ញា ភេទប្រុស ២.ឈ្មោះ រក្ស សុភក្រ្តា ភេទប្រុស ៣.ឈ្មោះ សុខ សុផាន ភេទប្រុស ៤.ឈ្មោះ ឆាយ ធឿន ភេទប្រុស និងជនត្រូវចោទចំនួន ០៧ នាក់ទៀត រួមទាំងបក្សពួក កំពុងគេចខ្លួន ត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទផ្ដន់ទោស និងធ្វើឱ្យ ខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្លូវបេតុង កែងផ្លូវ១០១៩ ភូមិទឹកថ្លា សង្កាត់ទឹកថ្ល ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្ដន្ទាទោសតាមមាត្រា ២១៨ មាត្រា ៤១០ និងមាត្រា ៤១១ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា ចំពោះករណីនេះ បង្កឡើងដោយក្រុមក្មេងទំនើង ចំនួន ០២ ក្រុម គឺក្រុមក្មេងទំនើងទី១ ឈ្មោះ កាកាប(KKB) ដែលមានគ្នា ១៥នាក់ និងក្រុមក្មេងទំនើងទី២ ឈ្មោះ ផ្ទះម៉ា មានគ្នាប្រហែល ១០នាក់ ដោយក្រុមកាកាប បានកាន់ដាវ និងកាំបិតប៉័ងតោកាប់ទៅលើក្រុម ផ្ទះម៉ បណ្ដាលឱ្យរងរបួសចំនួន ០១នាក់ និងបណ្ដាលឱ្យខូចខាតម៉ូតូចំនួន ០២គ្រឿង។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទទាំង ០៤ នាក់ ដូចបានបញ្ជាក់ខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។
ចំពោះសកម្មភាពរបស់ក្មេងទំនើង ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណះ និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ តុលាការបាន និងកំពុងបន្តអនុវត្តច្បាប់ដោយម៉ឹងម៉ាត់ និងតឹងរឹង៕