យោធាអ៊ុយក្រែន វាយប្រហារទៅលើប្រព័ន្ធមីស៊ីល S-400 និង S-300 ក្នុងឧបទ្វីបគ្រីមៀ របស់រុស្ស៊ី
បរទេស៖ យោធាអ៊ុយក្រែនបាននិយាយថា វាបានប្រើប្រាស់មីស៊ីល ATACMS វាយប្រហារទៅលើប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ីមួយ និងប្រព័ន្ធ S-300 ចំនួនពីរនៅក្នុងឧបទ្វីបគ្រីមៀ ។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា កងទ័ពអ៊ុយក្រែនបានប្រកាស លើបណ្តាញសង្គមនៅថ្ងៃទី១០ ខែមិថុនាថា “កងកម្លាំងការពារអ៊ុយក្រែនបានវាយឆ្មក់ ដោយជោគជ័យលើកងវរសេនាតូច ការពារដែនអាកាស S-400 នៅជិត Dzhankoy និងកងវរសេនាតូចការពារដែនអាកាស S-300 របស់សត្រូវចំនួនពីរនៅជិត Chornomorske និង Yevpatoriia នៅពេលយប់” ។
Dzhankoy, Yevpatoriia និង Chornomorske គឺជាទីតាំងនៅលើឧបទ្វីប Crimean ដែលគ្រប់គ្រងដោយប្រទេសរុស្ស៊ី។ យោងតាមយោធាអ៊ុយក្រែន ការវាយប្រហារនេះបានបិទប្រព័ន្ធរ៉ាដានៃ S-300/S-400 និងបំផ្ទុះគ្រាប់រំសេវនៅក្នុងតំបន់។
កងកម្លាំងបាននិយាយថា “គ្មានកាំជ្រួចរបស់យើងណាមួយត្រូវបាន ស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស ‘មានប្រសិទ្ធភាពខ្ពស់’ របស់សត្រូវនោះទេ” ប៉ុន្តែមិនបានបញ្ជាក់ពីឈ្មោះរបស់កាំជ្រួច ឬផ្តល់ភស្តុតាងពាក់ព័ន្ធនឹងការវាយប្រហារនោះទេ ៕