មន្រ្តីយោធាម្នាក់ដកកាំភ្លើងបាញ់មេឃ បង្កការភ្ញាក់ផ្អើល ក្រោយខឹងអ្នកជិតខាងផឹកស៊ីចាក់ធុងបាស់ច្រៀងឮៗ
ភ្នំពេញ៖ បុរសម្នាក់ជាមន្រ្តីយោធាបានដកកាំភ្លើងបាញ់ គំរាមមេឃចំនួនមួយគ្រាប់ ក្រោយទាស់សម្ដីគ្នាជាមួយអ្នកជិតខាង ដែលផឹកស៊ីចាក់ធុងបាស់ច្រៀងដល់យប់ជ្រៅ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ថ្ងៃទី១០មិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីសែនសុខអូឌឹម ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានមនុស្ស២ក្រុមបាននាំគ្នាជួបជុំផឹកស៊ីរួចចាក់ធុងបាស់ច្រៀងលេង ពេលនោះ ក៏ មានបុរសជាមន្រ្តីយោធាម្នាក់បានដើរ ចេញពីក្នុងផ្ទះ រួចមកប្រាប់អ្នកជិតខាងទាំង២ ក្រុម នោះឱ្យបិទបាស់ព្រោះយប់ជ្រៅទៅហើយ។ បន្ទាប់មកក៏មានការទាស់សំដីគ្នាតិចតួចស្រាប់ តែបុរសជាមន្រ្តីយោធារូបនោះ ដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ រួចក៏បានបើករថយន្តម៉ាក Lexus ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរៈភូមិន្ទ២.២៦២៨ ចេញពីកន្លែងកើតហេតុ ទៅបាត់ ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានប្រគល់គ្រាប់កន្ទុះមួយគ្រាប់ និងកសាង សំណុំរឿងខាងលើប្រគល់ទៅកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យតាមស្រាវជ្រាវបន្ត និងចាត់ការទៅតាមនីតិវិធី៕