សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសលើឧក្រិដ្ឋជនឆ្លងដែនជនជាតិបូលីវី នាំល្បាយគ្រឿងញៀន កូកាអ៊ីនជាង៤គីឡូក្រាមចូលកម្ពុជា ជាប់គុកមួយជីវិត
ភ្នំពេញ៖ ឧក្រិដ្ឋជនឆ្លងដែនជនជាតិបូលីវី នាំល្បាយគ្រឿងញៀន កូកាអ៊ីន៤៣៥៦ក្រាម ពីប្រទេសប្រស៊ីល ឆ្លងកាត់ប្រទេសម៉ាឡេស៊ីចូលកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សាលាដំបូងរាជធានីភ្នំពេញនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បង្ហាញថា កាលពីថ្ងៃទី៤មិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ៥១៥២ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ ក្រោយពីបានធ្វើកិច្ចពិភាក្សាដេញដោលលើជនជាប់ចោទភាគីពាក់ព័ន្ធ និងបានពិនិត្យភស្តុតាង អង្គហេតុ និងអង្គច្បាប់ ក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសជាសាធារណ នូវសាលក្រមព្រហ្មទណ្ឌលេខ៥៤៥ ក្រ៧ «ស» នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ សម្រេចផ្តន្ទាទោសលើជនជាប់ចោទ ឈ្មោះ ឡូប៉េស វ៉ាសា ខារ៉ែន សេសៀ LOPEZ VACA KAREN CECIA ភេទស្រី អាយុ៣៧ឆ្នាំ ដាក់ពន្ធនាគារអស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា៤០ កថាខណ្ឌទី២ និងកថាខណ្ឌទី៧ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
គួររំឭកថា កាលពីថ្ងៃទី១០កញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៧:៤៥នាទី មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកម្ពុជា ទទួលបានព័ត៌មានសម្ងាត់ពីទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាម៉េរិក(DEA) និងមន្ត្រីសហព័ន្ធប្រេស៊ីល ក៏ចាត់កម្លាំងជំនាញការិយាល័យ(ក១) ដឹកនាំសម្របសម្រួលដោយ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចុះត្រួតពិនិត្យវ៉ាល្លីសរបស់ជនសង្ស័យជនជាតិបូលីវី ឆ្នាំកំណើត១៩៨៧។
ជនសង្ស័យធ្វើដំណើរពីទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ឆ្លងកាត់ឌុយបៃ បន្តមកប្តូរជើងហោះហើរនៅម៉ាឡេស៊ី រួចធ្វើដំណើរមកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងហោះហើរ MH762 ពីម៉ាឡេស៊ីភ្លាមៗ។
ក្រោយត្រួតពិនិត្យកាលនោះ មន្ត្រីជំនាញរកឃើញល្បាយគ្រឿងញៀន ប្រភេទកូកាអ៊ីន (Cocaine) ចំនួន២១បន្ទះធំ និង២២បន្ទះតូច (សរុប៤៣បន្ទះ) ជាប់ជាមួយសាច់សម្លៀកបំពាក់ ដោយធ្វើការដេរភ្ជាប់ខោអាវ មានទម្ងន់សរុប៤៣៥៦ក្រាម គិតទាំងសំបកប្លាស្ទីក និងសាច់ក្រណាត់៕