លោកជំទាវបណ្ឌិត ជា សិរី អរគុណចំពោះ IMF និងរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងធនធានមនុស្សនៅកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Kenichiro Kashiwase ប្រធានបេសកកម្មថ្មីរបស់ IMF សម្រាប់កម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
លោកជំទាវទេសាភិបាល បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោក Kenichiro និងបានជម្រាបជូនពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារនៅកម្ពុជា ព្រមទាំងសកម្មភាពលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។
លើសពីនេះ លោកជំទាវទេសាភិបាល ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាង ធនាគារជាតិនៃកម្ពុជា និង IMF ក៏ដូចជាប្រទេសជប៉ុន ផងដែរ។
នាឱកាសនោះ លោក Kenichiro បានជម្រាបជូនលោកជំទាវបណ្ឌិតពីគម្រោងដំណើរទស្សនកិច្ចរបស់ក្រុមបេសកកម្មពិគ្រោះយោបល់មាត្រា IV (Article IV Consultation) នៅកម្ពុជាក្នុងពេលខាងមុខ និងបង្ហាញការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចជារៀងរាល់ឆ្នាំ។
លោកជំទាវទេសាភិបាល ក៏បានថ្លែងអំណរគុណចំពោះ IMF និងរដ្ឋាភិបាលជប៉ុន ដែលបានរួមចំណែកក្នុងការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព ព្រមទាំងផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងធនធានមនុស្សនៅកម្ពុជា ជាពិសេសតាមរយៈការបញ្ជូនជំនាញការ ក៏ដូចជាការផ្តល់វគ្គបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីជំនាញរបស់ធនាគារជាតិនៃកម្ពុជា ៕