សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមប្រារព្ធកម្មវិធីអបអរសាទរទិវាបុណ្យជាតិនៃសហព័ន្ធរុស្ស៊ី ក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ នៅរាត្រីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមប្រារព្ធកម្មវិធីអបអរសាទរទិវាបុណ្យជាតិនៃសហព័ន្ធរុស្ស៊ី ដែលរៀបចំឡើងដោយស្ថានទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
ក្នុងមតិស្វាគមន៍ ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថាទិវានៃប្រទេសរុស្ស៊ីជានិមិត្តរូបនៃសាមគ្គីភាពរបស់ប្រជាពលរដ្ឋរុស្ស៊ី ដែលបង្ហាញពីការប្តេជ្ញារួមរបស់ពួកគេចំពោះទំនៀមទម្លាប់ និងគោលការណ៍ណែនាំអប់រំសីលធម៌ សេចក្តីគោរពមរតកដ៏រុងរឿងរបស់បុព្វបុរសរបស់ពួកគេ ការដំណើរបន្តគ្នាមិនដាច់ជំនាន់ និងសម័យកាល។
ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អនិងជិតស្និទ្ធរវាងកម្ពុជានិងរុស្ស៊ី។ ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងរយៈពេល៦៨ឆ្នាំមកនេះ ទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ី បានផ្តល់ទំនុកចិត្តគ្នាទៅវិញទៅមក ដែលនៅតែជាមូលដ្ឋាននៃការអភិវឌ្ឍជាលំដាប់នូវអន្តរកម្មទ្វេភាគី។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបន្តថា កម្ពុជា-រុស្ស៊ី បានពង្រឹងអន្តរកម្មនយោបាយ និងទំនាក់ទំនងអន្តរសភា និងអន្តរគណបក្ស។ ប្រទេសរុស្ស៊ី ចាត់ទុកការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាចំណុចដ៏សំខាន់មួយនៅក្នុងការកសាងកិច្ចសន្ទនារុស្ស៊ី-កម្ពុជា។
ទិវាបុណ្យជាតិរុស្ស៊ី បានប្រារព្ធធ្វើឡើងនៅក្នុងបរិយាកាសអធិកអធមនិងស្និទ្ធស្នាលជាទីបំផុត ដោយមានវត្តមានថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងប្រធានស្ថាប័ននានារបស់កម្ពុជាចូលរួម ជាមួយវត្តមាន ភ្ញៀវជាតិ អន្តរជាតិជាច្រើនទៀត។
គួរជម្រាបថាក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣៤ នៃទិវាឯករាជ្យជាតិសហព័ន្ធរុស្ស៊ី នេះ សម្ដេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ក៏បានផ្ញើសារលិខិតអបអរជូនប្រធានរដ្ឋសភាឌូម៉ានៃសហព័ន្ធរុស្ស៊ី ដោយបានរំឭកពីភាពជាដៃគូល្អរវាងប្រទេសកម្ពុជា-រុស្ស៊ី។ រដ្ឋសភាកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូល្អជាមួយនឹងសហព័ន្ធរុស្ស៊ី និង សូមអបអរសាទរនូវសមិទ្ធផលដែលទទួលបានរវាងប្រទេសទាំងពីរ និងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ។
ក្នុងសារលិខិតសម្តេចរដ្ឋសភាធិបតី បានបញ្ជាក់បន្ថែមថា “យើងប្តេជ្ញាពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដោយស្វែងរកនូវកាលានុវត្តភាពថ្មីៗ ដើម្បីផ្តល់ប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ” ៕