ក្រុមហ៊ុនធំៗ១១ បន្តសហការជាមួយ NEA ផ្តល់ឱកាសការងារជាង៥០០ កន្លែងដល់យុវជននៅក្នុងវេទិកាការងារ
ភ្នំពេញ៖ ឱកាសការងារថ្មីបន្ថែមទៀតសរុប ៥៦៥ កន្លែង នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារប្រចាំខែ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃប្រពហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។
ក្រុមហ៊ុនធំៗទាំង១១ដែលនឹងចូលរួមក្នុងវេទិកាការងារនោះរួមមាន ក្រុមហ៊ុន ហ្គោលហ៊ៀល, ក្រុមហ៊ុន ហ្វវើដ, ក្រុមហ៊ុន ដាយអ៊ិឈិ ឡាយ, ក្រុមហ៊ុន B.P.C, ធនាគារ LOLC, ផ្សារទំនើប LUCKY, មីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន INVEST ក្រុមហ៊ុន URBAN HUB, ធនាគារស្ថាបនា និងក្រុមហ៊ុន VATTANAC ដែលនឹងធ្វើការជ្រើសរើសបុគ្គលិកភ្លាមៗ នៅថ្ងៃស្អែកនេះតែម្តង។
ចំពោះសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប(CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ព័ត៌មានបន្ថែម យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ អាចទាក់ទងមជ្ឈម ណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)សម្រាប់ព័ត៌មានបន្ថែម ៕