ឯកឧត្តម ស្វាយ សំអ៊ាង ចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិ កំណែទម្រង់រដ្ឋបាលសាធារណៈ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីបង្ហាញអំពីសារៈសំខាន់នៃការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ដែលប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។
ការអនុវត្តវិធានការគន្លឹះនេះ ក៏ជាបុរេលក្ខខណ្ឌនៃការសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ថា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ កម្ពុជា ជាសង្គមជាតិមួយដ៏រស់រវើក ដោយមានរដ្ឋរឹងប៉ឹង មានអភិបាលកិច្ចល្អ និងស្ថាប័នរឹងមាំ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយបម្រើជាតិ និងប្រជាជន ប្រកបដោយប្រសិទ្ធភាព នៅក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ (Dynamics of Stakeholder System)៕