ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ក្រុមអ្នកប្រើគ្រឿងញៀននៅពេលរួមភេទ ប្រឈមនឹងឆ្លងមេរោគអេដស៍
ភ្នំពេញ៖ កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៤ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាន នាយកដ្ឋាន ផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: បានចូលរួមកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមអធិបតី ភាពឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមវត្តមានចូលរួមពីក្រសួង ស្ថាប័ន អង្គភាព ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអង្គការដៃគូ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងនាមជាសមាជិកក្រុមប្រឹក្សាបច្ចេកទេស ឧត្តមសេនីយ៍ឯក លឹម តុងហួត សមាជិកជំនួសបានជម្រាបជូនឱ្យដឹងថា តាមឯកសារព្រាងស្តីពីវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គលេីកទី២ របស់ឯកឧត្ដម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដាក់ការការប្រើប្រាស់បណ្តាញសង្គម (Social Media) ដើម្បីស្វែងរកដៃគូរួមភេទ ក្រុមអ្នកប្រើគ្រឿងញៀននៅពេលរួមភេទ (Chemsex) ដែលមិនបានបង្ការពីការឆ្លងមេរោគអេដស៍ជាបញ្ហាប្រឈមថ្មីៗមួយក្នុងចំណោមបញ្ហាប្រឈមផ្សេងទៀត។
ឯកឧត្ដម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងដោយមោទន:ជូនកិច្ចប្រជុំពេញអង្គលើកទី២ថា តាមរយ:ការពិភាក្សា និងផ្តល់យោបល់យ៉ាងផុលផុស យេីងទទួលបាននូវលទ្ធផលដូចខាងក្រោម ៖
ទី១ ការជំរុញអនុវត្តគោលនយោបាយជាតិលុបបំបាត់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ។
ទី២ ការអនុម័តសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៤ សម្រាប់បន្តអនុវត្តក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឆ្ពោះទៅសម្រេចបាននូវគោលដៅ ៩៥-៩៥-៩៥៕