អាមេរិក គ្រោងប្រកាសពីកញ្ចប់ទណ្ឌកម្មថ្មី និងរបៀបត្រួតពិនិត្យការនាំចេញប្រឆាំងរុស្ស៉ី នៅឯ G7
វ៉ាស៉ីនតោន៖ អ្នកនាំពាក្យរបស់សេតវិមាន លោក John Kirby បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិក នឹងប្រកាសអំពីកញ្ចប់ទណ្ឌកម្មថ្មី ក៏ដូចជារបៀបត្រួតពិនិត្យលើការនាំចេញប្រឆាំងរុស្ស៉ី អំឡុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G7។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ ២០២៤។
សហរដ្ឋអាមេរិក និងបណ្តាមេដឹកនាំផ្សេងទៀតនៃប្រទេសមានសេដ្ឋកិច្ចរីកចម្រើន (G7) បានដាក់ចេញនូវទណ្ឌកម្មលើរុស្ស៉ី ក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន ចាប់តាំងពីឆ្នាំ ២០២២មក ហើយបើតាមលោក Kirby មេដឹកនាំទាំងអស់នឹងបន្ថែមការកំណត់ថ្មីមួយ ដើម្បីឱ្យទណ្ឌកម្មទាំងនោះកាន់តែមានប្រសិទ្ធភាព ក៏ដូចជាការត្រួតពិនិត្យការនាំចេញដែលកំណត់គោលដៅលើអង្គភាព និងបណ្តាញដែលជួយរុស្ស៉ីធ្វើសង្រ្គាម។ លោក Kirby បានគូសបញ្ជាក់ថា «យើងនឹងបន្តធ្វើឱ្យរុស្ស៉ីចំណាយកាន់តែខ្ពស់ ក្នុងសង្រ្គាមលើអ៊ុយក្រែន»។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល G7 គ្រោងរៀបចំឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ចុងសប្តាហ៍នេះ នៅឯភាគខាងត្បូងនៃប្រទេសអ៉ីតាលី៕