ឯកឧត្តម កុល វីរក្ស អញ្ជើញប្រកាសចូលកាន់មុខតំណែងនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ នាថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ នាទីស្ដីការក្រសួងមហាផ្ទៃ សាលាជាតិរដ្ឋបាលមូលដ្ឋានបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ពិធីនេះមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ថ្នាក់ដឹកនាំ និងមន្ត្រីនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន សរុបប្រមាណ ៧០រូប ។
ក្នុងឱកាសនេះ លោក ងួន គឹមសេង ប្រធាននាយកដ្ឋានស្ដីទី នៃនាយកដ្ឋានកិច្ចការទូទៅ បានឡើងអានអនុក្រឹត្យ និងប្រកាស ស្តីពីការតែងតាំងមន្រ្តីរាជការជូនដល់អង្គពិធីទាំងមូល។ ជាមួយនេះ ឯកឧត្ដម លី ពៅមណីរត្ន នាយករងសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ តំណាងមន្ត្រីរាជការទើបទទួលការតែងតាំងថ្មី ក៏បានថ្លែងចំណាប់អារម្មណ៍ និងការប្ដេជ្ញាចិត្ត ដោយបានផ្តោតជាសំខាន់លើចំណុចមួយចំនួនជាអាទិ៍ (១)ការប្តេជ្ញាគោរពប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត (២)ការខិតខំរួមគ្នាបំពេញបេសកកម្មរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន និង(៣)ការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាជាតិរដ្ឋបាលមូលដ្ឋានឱ្យបានកាន់តែល្អប្រសើរឡើង។
ក្នុងពិធីនេះ ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការ បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ដ្រីចំណុះសាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលបានអនុវត្តតួនាទីភារកិច្ចនិងសម្រេចបានសមិទ្ធផលគូរឱ្យកត់សម្គាល់ និងបានផ្ដល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖
១) ផ្ដោតការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលការងារជាក់ស្តែងជាជាងបង្រៀនទ្រឹស្តី
២) រៀបចំកម្មវិធីសិក្សាប្រកបដោយគុណភាពខ្ពស់និងមានភាពឆ្លើយតបទៅតាមក្រុមគោលដៅ
៣) បង្កើនប្រសិទ្ធផលនៃការបណ្ដុះបណ្ដាលនិងរៀបចំឱ្យមានបរិយាកាសរៀនសូត្រនៅកន្លែងធ្វើការ
៤) ពង្រឹងនិងអភិវឌ្ឍការងារស្រាវជ្រាវតាមគ្រប់រូបភាពពាក់ព័ន្ធអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស្វ័យភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ
៥) ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និង
៦) លើកទឹកចិត្តដល់ថ្នាក់ដឹកនាំនិងមន្ដ្រីគ្រប់ជាន់ថ្នាក់នៃសាលាជាតិរដ្ឋបាលមូលដ្ឋានឱ្យបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់៕