សង្គ្រាមរុស្ស៊ីបានបង្កការខូចខាតដល់វិស័យថាមពលអ៊ុយក្រែនជាង៥៦ពាន់លានដុល្លារ
បរទេស៖ យោងតាមរបាយការណ៍របស់សាលាសេដ្ឋកិច្ច Kyiv (KSE) ចេញផ្សាយកាលពីថ្ងៃទី១០ ខែមិថុនា បានឱ្យដឹងថា ការឈ្លានពានពេញលក្ខណៈរបស់រុស្ស៊ីបានធ្វើឱ្យខូចខាតដល់ ៥៦.២ពាន់លានដុល្លារ ដល់វិស័យថាមពលរបស់អ៊ុយក្រែនគិតត្រឹមខែឧសភា ឆ្នាំ២០២៤។
ការកើនឡើងនាពេលថ្មីៗនេះនៅក្នុងការវាយប្រហាររបស់រុស្ស៊ីបានធ្វើឱ្យមានភាពតានតឹងយ៉ាងធ្ងន់ធ្ងរលើបណ្តាញអគ្គិសនីរបស់ប្រទេសអ៊ុយក្រែន ដោយរោងចក្រថាមពលជាច្រើនត្រូវបានបំផ្លាញ ឬបិទ។
របាយការណ៍បានឲ្យដឹងថា វិស័យថាមពលបានរងការខូចខាតដោយផ្ទាល់ និងការខាតបង់ហិរញ្ញវត្ថុដោយប្រយោលក្នុងចំនួនទឹកប្រាក់ ៥៦.២ពាន់លានដុល្លារ ខណៈដែលតម្រូវការស្ដារឡើងវិញ ដែលរាប់បញ្ចូលទាំងការកសាងឡើងវិញនូវបរិក្ខារដែលត្រូវបានបំផ្លាញមានចំនួន ៥០.៥ពាន់លានដុល្លារ។
ការខូចខាតដោយផ្ទាល់ចំពោះវិស័យថាមពលរបស់អ៊ុយក្រែនមានចំនួនជាង ១៦.១ពាន់លានដុល្លារគិតត្រឹមខែឧសភា ឆ្នាំ២០២៤ ដូចដែល KSE បានប៉ាន់ប្រមាណ។
ការខាតបង់ដ៏ធំបំផុតគឺបណ្តាលមកពីការបំផ្លិចបំផ្លាញកន្លែងផលិតអគ្គិសនី (៨.៥ពាន់លានដុល្លារ) ខ្សែបញ្ជូនអគ្គិសនីសំខាន់ៗ (២.១ពាន់លានដុល្លារ) និងហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័ន (៣.៣ពាន់លានដុល្លារ)។
ការខាតបង់ដោយប្រយោលនៅក្នុងវិស័យថាមពលត្រូវបានប៉ាន់ប្រមាណថាមានចំនួនជិត ៤០.១ពាន់លានដុល្លារ ដោយចំនួននេះភាគច្រើនបានមកពីប្រាក់ចំណូលរបស់ក្រុមហ៊ុនថាមពលដែលបាត់បង់គឺ ៣៩.៦ពាន់លានដុល្លារ។
ប្រាក់ ៥០០លានដុល្លារទៀតគឺជាការចំណាយលើការយកកំទេចកំទី និងរុះរើគ្រឿងបរិក្ខារដែលខូច។
ក្នុងអំឡុងពេលនៃការលុកលុយពេញលេញ សមត្ថភាពផលិតអគ្គិសនីច្រើនជាង ១៨ GW ត្រូវបានបាត់បង់ដោយសារតែការកាន់កាប់របស់រុស្ស៊ី រួមទាំងការកាន់កាប់រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប គឺរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia។
រោងចក្រថាមពលវារីអគ្គិសនី Kakhovka និង Dnipro ក៏ដូចជារោងចក្រថាមពលកំដៅ Zmiiv និង Trypillia ត្រូវបានបំផ្លាញទាំងស្រុង។
ចាប់តាំងពីដើមឆ្នាំ២០២៤មក រុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំចំនួនប្រាំមួយ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន និងការវាយប្រហារតូចៗជាច្រើន។
រុស្ស៊ីបានធ្វើការវាយប្រហារទ្រង់ទ្រាយធំចុងក្រោយមួយយប់នៅថ្ងៃទី០១ ខែមិថុនា ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងតំបន់ផ្សេងៗនៅទូទាំងប្រទេស។
ការវាយប្រហារកាលពីខែមេសាបានបំផ្លាញរោងចក្រថាមពលកំដៅ Tripillia ដែលជាក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីដ៏សំខាន់ដល់តំបន់ Kiev, Zhytomyr និង Cherkasy។
ដោយសារលទ្ធផលនៃឱនភាពថាមពល អ៊ុយក្រែនបានចាប់ផ្តើមអនុវត្តការបិទឡើងវិញនៅថ្ងៃទី១៥ ខែឧសភា។ ការដាច់ភ្លើងមានរយៈពេលពី ៤ ទៅ ៨ម៉ោងជាមធ្យម ហើយអាចត្រូវបានអនុវត្តរហូតដល់បីដងក្នុងមួយថ្ងៃ។