ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ជួបពិភាក្សាការងារជាមួយ ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអាល្លឺម៉ង់
ភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួបពិភាក្សាការងារជាមួយ លោក Jost Kadel ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌, ឯកឧត្តម មាស សុកែវ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ក្នុងគោលបំណងធ្វើការពិភាក្សាស្វែងយល់ និងស្វែងរកកិច្ចសហការគាំទ្រដល់ការអនុវត្តគម្រោងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ប្រកបដោយបរិយាបន្ន និងប្រសិទ្ធភាពនៃការដោះស្រាយវិវាទជូនប្រជាពលរដ្ឋរស់នៅតាមសហគមន៍ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាលនៅកម្ពុជា៕