សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ធនធានមនុស្សគឺជាកត្តាសំខាន់ ដែលនាំឲ្យមានការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ធនធានមនុស្សគឺជាកត្តាសំខាន់បំផុត ដែលនឹងនាំឲ្យមានការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យលីមកុកវីងប្រមាណ ៥៤០នាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនធានមនុស្ស ជាកត្តាសំខាន់ណាស់ដែលអាចធ្វើឱ្យប្រទេសយើងមានឯករាជ្យ។ ពីមុនយើងរៀបចំផែនការ និងគោលនយោបាយអភិវឌ្ឍន៍ប្រទេសជាតិ ត្រូវពឹងផ្អែកលើប្រទេសដែលជាដៃគូជួយ ប៉ុន្ដែពេលនេះតាំងពីយុទ្ធសាស្រ្ដចតុកោណ និងបញ្ចកោណដំណាក់កាលទី១នេះ គឺរៀបចំឡើងដោយកូនខ្មែរខ្លួនឯង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កូនអ្នកជីវភាពធូរធារ មិនប្រាកដថាជោគជ័យទេ បើពួកគេមិនខិតខំប្រឹងសិក្សារៀនសូត្រ និងពង្រឹងសមត្ថភាព។ ប៉ុន្ដែកូនអ្នកមានជីវភាពខ្វះខាត កូនកសិករ បើមានការខិតខំរៀនសូត្រ មានសមត្ថភាព ក៏អាចក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិដែរ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បន្តដាក់អាទិភាពធំណាស់ទៅលើការអភិវឌ្ឍធនធានមនុស្ស ដោយផ្ដោតសំខាន់ទៅលើ សុខភាព និងការអប់រំ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំត្រឹមតែជាអ្នកដាក់ចេញនូវគោលនយោបាយ គោលការណ៍ និងការផ្ដល់ការអនុគ្រោះដល់ការអប់រំ ប៉ុន្ដែអ្នកដែលចូលរួមដោយផ្ទាល់ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យមានការរីកចម្រើនទៅបាន គឺជាគ្រឹះស្ថានសិក្សា ជាពិសេសគ្រឹះស្ថានឧត្តមសិក្សាដោយផ្ទាល់តែម្ដង ៕