សម្ដេចធិបតី៖ កូនអ្នកមានជីវភាពធូរធា មិនប្រាកដថា ជោគជ័យនោះទេ បើមិនខិតខំប្រឹងសិក្សារៀន
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កូនអ្នកមានជីវភាពធូរធា មិនប្រាកដថា ជោគជ័យនោះទេ បើពួកគេមិនខិតខំប្រឹងសិក្សារៀនសូត្រ និងពង្រឹងសមត្ថភាពខ្លួនឯង។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យលីមកុកវីងប្រមាណ ៥៤០នាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កូនអ្នកមានជីវភាពខ្វះខាត ឬកូនកសិករ បើមានការ ខិតខំរៀនសូត្រ មានសមត្ថភាព ក៏អាចក្លាយជាធនធាន មនុស្សដ៏សំខាន់ សម្រាប់ចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិដែរ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា អ្នកខ្លះកើតនៅគ្រួសារក្រីក្រនៅខេត្តឆ្ងាយ អ្នកខ្លះកើតមកជាកូនអ្នកធូរធានៅក្រុង ប៉ុន្ដែមានឱកាសរៀនសូត្រ គឺអាចឲ្យបិទគម្លាត ភាពជោគជ័យរបស់ឪពុកម្ដាយ មិនធានាជោគជ័យរបស់កូនទេ មិនមែនកើតមកយើងនៅក្នុងគ្រួសារក្រីក្រ បើគ្មានឱកាសអាហ្នឹងអាចលំបាក ប៉ុន្ដែបើមានឱកាសរៀនសូត្រដូចគ្នា គាត់អាចមានសមត្ថភាពមកសិក្សាបាន តស៊ូបាន រៀនសូត្រ បានអាហារូបករណ៍ ហើយកូនអ្នកមានជីវភាពធូរធា មិនប្រាកដថាជោគជ័យទេ បើមិនខំប្រឹងរៀន។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា នៅតាមបណ្ដាញសង្គម អ្នកមានប្រវត្តិលំបាក ឬកូនកំព្រា ឥឡូវមានសមត្ថភាពដឹកនាំអ្វីមួយ ខណៈអ្នកដែលធ្លាប់ជាកូនចៅអ្នកធូរធាក៏ធ្លាក់ខ្លួនដែរ រឿងនេះ មិនថា នៅកម្ពុជា ឬប្រទេសក្រៅនោះទេ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បន្តដាក់អាទិភាពធំ ទៅលើការអភិវឌ្ឍធនធានមនុស្ស ដោយផ្ដោតសំខាន់ទៅលើសុខភាព និងការអប់រំ។ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ ត្រឹមតែជាអ្នកដាក់ចេញ គោលនយោបាយ គោលការណ៍ និង ការផ្ដល់ការអនុគ្រោះដល់ការអប់រំ ប៉ុន្ដែអ្នកដែលចូលរួមដោយផ្ទាល់ ក្នុងការអភិវឌ្ឍធនធានមនុស្ស ឲ្យមានការរីកចម្រើនទៅបាន គឺជាគ្រឹះស្ថានសិក្សា ជាពិសេសគ្រឹះស្ថាន ឧត្តមសិក្សា ដោយផ្ទាល់តែម្ដង ៕