សម្តេចធិបតី៖ ភាពជោគជ័យរបស់ឪពុកម្តាយ មិនប្រាកដថា ជាភាពជោគជ័យរបស់កូនៗនោះទេ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ភាពជោគជ័យរបស់ឪពុកម្តាយ មិនប្រាកដថា ជាភាពជោគជ័យរបស់កូនៗនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យលីមកុកវីងប្រមាណ ៥៤០នាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កូនអ្នកជីវភាពធូរធារ មិនប្រាកដថាជោគជ័យទេ បើពួកគេមិនខិតខំប្រឹងសិក្សារៀនសូត្រ និងពង្រឹងសមត្ថភាព។ កូនអ្នកមានជីវភាពខ្វះខាត កូនកសិករ បើមានការខិតខំរៀនសូត្រ មានសមត្ថភាព ក៏អាចក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិដែរ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍លើកទឹកចិត្តថា ពេលដាក់ពាក្យចូលធ្វើការងារ គេមិនដែលសួរថា អ្នកជាកូនកសិករឬ? គឺគេមើលតែសមត្ថភាពរបស់យើងតែប៉ុណ្ណោះ ដូច្នេះយើងត្រូវពង្រឹងសមត្ថភាពរបស់យើងជាប្រចាំ ៕