សម្ដេចធិបតី៖ កុំព្យូទ័រទំនើបយ៉ាងណា បើគ្មានធនធានមនុស្សជាអ្នកអភិវឌ្ឍន៍កុំព្យូទ័រនោះក៏មិនអាចវិវឌ្ឍន៍ទំនើបបានដែរ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យលីមកុកវីងប្រមាណ ៥៤០នាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កុំព្យូទ័រទំនើបយ៉ាងណា បើគ្មានធនធានមនុស្សជាអ្នកអភិវឌ្ឍន៍កុំព្យូទ័រនោះក៏មិនអាចវិវឌ្ឍន៍ទំនើបបានដែរ។
ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កុំព្យូទ័រអាចពូកែ ឆ្លាតវ័យបែបណាក៏ដោយ ក៏កើតឡើងដោយសារមនុស្សអ្នកបង្កើតដែរ។ ចំណែកមនុស្សគឺមានការវិវឌ្ឍជាប្រចាំថ្ងៃ ដូច្នេះការរីកចម្រើនរបស់មនុស្សយើងមិនអាចស្មានដល់បានឡើយ ប៉ុន្ដែបច្ចេកវិទ្យាអាចមានកំណត់។
សម្តេចធិបតី បានលើកឡើងជាថ្មីម្តងទៀតថា ធនធានមនុស្សគឺជាកត្តាសំខាន់បំផុត ដែលនឹងនាំឲ្យមានការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។
សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏អបអរសាទរចំពោះនិស្សិត និងក្រុមគ្រួសារនិស្សិតទាំងអស់ ដែលបានបញ្ចប់ការសិក្សានាពេលនេះ ដោយការបញ្ចប់នៃការសិក្សានេះ គឺជាផ្នែកមួយដែលបានកើតចេញពីប្រទេសមានសុខសន្តិភាពផងដែរ ៕