ក្រសួងបរិស្ថានឆ្ពោះទៅមុខជានិច្ច ដើម្បីកម្ពុជាស្អាត
ភ្នំពេញ៖ ពីមួយជំហានទៅមួយជំហានរបស់ក្រសួងបរិស្ថាន គឺឆ្ពោះទៅមុខជានិច្ច ដើម្បីកម្ពុជាស្អាត។ នេះជាសារគន្លឹះរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានថ្លែងឡើងនៅក្នុងពីធីចុះអនុស្សារណៈយោគយល់គ្នាស្តីពី ប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ សម្រាប់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងគេបំផុតនៅកម្ពុជា នាទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។ ការថ្លែងឡើងដើម្បីស្វាគមន៍ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកាកូឡា ក្នុងដំណើរឆ្ពោះទៅមុខជាមួយក្រសួងបរិស្ថាន ដើម្បីកម្ពុជា ស្អាតខ្មែរធ្វើបាន! ដែល ជាយុទ្ធនាការទី២ បន្ទាប់ពីយុទ្ធនាការ ថ្ងៃនេះខ្ញុំ មិនប្រើថង់ប្លាស្ទិកទេ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាជាង៨លាននាក់។
ជំហានបន្ទាប់គឺច្បាស់ណាស់ថា នឹងទទួលបានជោគជ័យ និងការសាទរពីប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ពីព្រោះថា បច្ចុប្បន្នឃុំ/សង្កាត់ចំនួន១១៤ហើយ ដែលបានចូលរួមក្នុងចលនាស្អាតរបស់កម្ពុជាយ៉ាងសកម្ម និងចេញពីទឹកចិត្តដ៏ស្មោះត្រង់ ពេញដោយក្ដីស្រឡាញ់។ ចលនាស្អាតនេះ កំពុងផុសផុលក្នុងបេះដូងរបស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីបង្ហាញនូវភាពស្អាតបាតនេះ ទៅកាន់ឆាកអន្តរជាតិថា កម្ពុជាស្អាតខ្មែរធ្វើបាន សូមអញ្ជើញភ្ញៀវអន្តរជាតិទាំងអស់មកទស្សនាកម្ពុជាចុះ ហើយភ្ញៀវទេសចរនឹងទទួលបាននូវស្នាមញញឹមចេញពីបេះដូងដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋកម្ពុជា ប្រកបដោយទំនួលខុសត្រូវ និងធានានូវតម្លាភាព តម្លៃមិនមានការកាប់កោរ ឡើងថ្លៃ ឬកេងបន្លំភ្ញៀវទេសចរលើតម្លៃលក់ផលិតផលនានាឡើយ។ លើសពីនេះការដែលភ្ញៀវទេសចរមកទស្សនា ឬមកលេងផ្ទះស្អាតរបស់កម្ពុជា គឺជាការរួមចំណែកក្នុងការរួមចំណែកជួយលើកស្ទួយជីវភាពរបស់ប្រជាជនកម្ពុជា ឱ្យមានជីវភាពល្អប្រសើរ។
គួរជម្រាបជូនដែរថា ការចុះ MoU ជាមួយក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកាកូឡា គឺជាការបើកឱកាសឱ្យមានការ ចូលរួមចំណែក និងការទទួលខុសត្រូវពីក្រុមហ៊ុនធ្វើអាជីវកម្មនៅកម្ពុជា ក្នុងន័យលើកស្ទួយវិស័យបរិស្ថានជាតិ សមស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋភិបាលកម្ពុជា ឈានឆ្ពោះទៅភាពស្អាតទម្លាប់ស្អាត ប្រកបដោយអនាម័យ ដែលនឹងផ្តល់នូវផាសុខភាពជូនដល់ប្រជាពលរដ្ឋគ្រប់រូប ៕