ក្រសួងបរិស្ថានបំពាក់ប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យសម្រាប់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងបំផុតនៅកម្ពុជា
ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់(MOU) ជាមួយក្រុមហ៊ុនកូកា-កូឡាកម្ពុជា ស្ដីពី «ការផ្តល់ជូនប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ សម្រាប់ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ដំបូងនៅកម្ពុជា»។ ប្រព័ន្ធស្រោចស្រពដើរដោយថាមពលពន្លឺព្រះអាទិត្យសម្រាប់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ដែលមានទីតាំងស្ថិតនៅឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ដែលមានទំហំធំនេះ នឹងធ្វើឡើងនៅ៥ទីតាំង នៅខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ កោះកុង និងមណ្ឌលគីរី ដែលអាចបណ្តុះនិងផលិតកូនឈើក្នុង១ឆ្នាំ យ៉ាងតិច១០លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋដាំ។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ក្រសួងបានបញ្ចប់ប្លង់ការសាងសង់សម្រាប់ស្ថានីយបណ្តុះកូនឈើថ្នាក់តំបន់ទាំងអស់ ហើយការសាងសង់នឹងធ្វើឡើងឆាប់ៗនៅពេលខាងមុខ។
ក្នុឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះក្រុមហ៊ុនកូកា-កូឡាកម្ពុជា ដែលផ្ដល់ប្រព័ន្ធស្រោចស្រពដោយថាមពលពន្លឺព្រះអាទិត្យនេះ ដែលនឹងរួមចំណែកជួយដល់ការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យក្រសួងបរិស្ថាន រៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ នៅមុខទីស្តីការក្រសួងបរិស្ថាន សម្រាប់ការដាក់តាំងបង្ហាញនិងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ។ ការរៀបចំព្រឹត្តិការណ៍នេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថានភាពជាក់ស្តែង របស់កម្ពុជា និងនិន្នាការបរិស្ថានពិភពលោក សម្រាប់ឱ្យកិច្ចការពារថែរក្សា និងអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ឱ្យទទួលបានប្រសិទ្ធភាព និងមានចីរភាព នឹងជំរុញដំណើរកម្ពុជាឆ្ពោះទៅ ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន៦០% នៅឆ្នាំ២០៥០។
លោក ចូសេប ហូ អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡាកម្ពុជា) បានថ្លែងថា ការផ្ដល់ប្រព័ន្ធស្រោចស្រពជូនក្រសួងបរិស្ថាននេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការចូលរួមការពារភពផែនដីរបស់យើង។ គំនិតផ្តួចផ្តើមនេះ នឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តឲ្យសហគមន៍មូលដ្ឋាន និងប្រទេសកម្ពុជាទាំងមូលចូលរួមក្នុងកិច្ចការអភិវឌ្ឍន៍ប្រកបដោយចីរភាព ៕