អភិបាលខេត្តកំពង់ចាម អញ្ជើញប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ អាណត្តិទី៤
ភ្នំពេញ៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ អាណត្តិទី៤ ស្ថិតនៅសាលាស្រុកស្ទឹងត្រង់។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត បានសម្ដែងការ អបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ ទាំង២១រូប ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ ផ្តល់សេចក្តីទុកចិត្តបោឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ដើម្បីបន្តដឹកនាំស្រុកស្ទឹងត្រង់ សំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យ បន្ថែមទៀត។
ឯកឧត្តមអភិបាលខេត្ត បានស្នេីឱ្យសមាជិកក្រុមប្រឹក្សាស្រុកអាណត្តិទី៤នេះ ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានស្នេីដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទឹងត្រង់ ត្រូវដឹកនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ឱ្យបង្កើនការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងក្របខណ្ឌមូលដ្ឋានរបស់ខ្លួនទាំងមូល ដោយត្រូវបន្តជំរុញ លើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមអនុវត្តគោល នយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងលើកកម្ពស់សុវត្ថិភាពចរាចរផ្លូវគោកផងដែរ ៕