ឯកឧត្តម សួស យ៉ារ៉ា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ត្រៀមសម្រាប់រៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១
ភ្នំពេញ៖ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការរៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (The 11th Plenary Session of International Parliament for Tolerance and Peace- the 11th IPTP) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ សម្រាប់ត្រៀមរៀបចំសម័យប្រជុំពេញអង្គ IPTP ដែលគ្រោងនឹងធ្វើនៅខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅកម្ពុជា។
សូមជម្រាបថា IPTP ជាអង្គនីតិប្បញ្ញត្តិនៃក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱននិងសន្តិភាព (Global Council for Tolerance and Peace – GCTP) ដែលមានតួនាទីលើកកម្ពស់គុណតម្លៃនៃភាពអត់ឱន និងសន្តិភាព តាមរយៈកិច្ចសហប្រតិបត្តិការ និងការទូតអន្តរសភា។ IPTP មានសមាជិកជាតំណាងសភាមកពីប្រមាណ១០០ប្រទេស នៅអាស៊ី អាហ្វ្រិក អឺរ៉ុប អាមេរិកឡាទីន និងអាមេរិកខាងជើង ដែលរដ្ឋសភាកម្ពុជាបានចូលជាសមាជិកនៅឆ្នាំ២០២១។
ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ IPTP នឹងប្រែក្លាយមុខមាត់ថ្មីរបស់កម្ពុជា ក្នុងតួនាទីចូលរួមកសាងវប្បធម៌សន្តិភាពក្នុងតំបន់ និងពិភពលោក តាមរយៈការទូតសភា សង្គមស៊ីវិល និងការតភ្ជាប់ប្រជាជន និងប្រជាជន។ ការអនុវត្តគោលនយោបាយការទូតសន្តិភាពរបស់កម្ពុជា ដែលមានស្ថាបនិកសន្តិភាពគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតនូវគោលនយោបាយឈ្នះ-ឈ្នះ បង្រួបបង្រួមជាតិនៅកម្ពុជា បញ្ចប់សង្គ្រាមនៅទន្លេមេគង្គ កសាងសហគមន៍អាស៊ានជាគ្រួសារសន្តិភាព ជាពិសេសជោគជ័យនៃដំណើរការក្តីនៅតុលាការខ្មែរក្រហម ដើម្បីស្វែងរកយុត្តិធម៌សង្គម។
គួរបញ្ជាក់ផងដែរថា គោលបំណងនៃការធ្វើជាម្ចាស់ផ្ទះនេះគឺការដាក់ចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញដែលអនុម័ត «ធម្មនុញ្ញសន្តិភាព» ដើម្បីលើកកម្ពស់សន្តិភាព ភាពអត់ឱន និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការពហុភាគី។ ធម្មនុញ្ញសន្តិភាពគឺជាឯកសារគតិយុត្តអន្តរជាតិមួយ ដែលមានលក្ខណៈបើកចំហរ មិនចងកាតព្វកិច្ច និងផ្អែកលើគោលការណ៍សំខាន់ៗរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ សម្រាប់ការកសាងទស្សនវិស័យសន្តិភាព តាមរយៈយន្តការ៖ (១)ការបង្កាជម្លោះ, (២)ការកសាងដំណើរការសន្តិភាពដោយផ្តល់មធ្យោបាយសម្របសម្រួលជម្លោះ, (៣) ការកសាងប្រទេសក្រោយសង្គ្រាម, (៤) ការផ្គត់ផ្គង់សន្តិសុខស្បៀង និងសង្គ្រោះពេលមានអាសន្ន និង (៥)ការផ្តល់គំរូយុត្តិធម៌អន្តរជាតិ។ ធម្មនុញ្ញសន្តិភាពនឹងបម្រើដល់គំនិតផ្តួចផ្តើម Mekong Asia Pacific Initiative (MAPI) របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលស្នើឡើងនៅក្នុងកិច្ចប្រជុំកំពូលពិភពលោក ក្នុងទីក្រុងសេអ៊ូល ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីធានាការគាំទ្រ អនុតំបន់មេគង្គ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងអន្តរវប្បធម៌ ជាពិសេសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ការការពារជម្លោះ និងការកសាងសន្តិភាព ៕