សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យវឌ្ឍនភាពនៃគម្រោងប្រព័ន្ធពង្វាងទឹក និងប្រព័ន្ធស្រោចស្រព ខេត្តតាកែវ កណ្តាល និងរាជធានីភ្នំពេញ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃគម្រោងប្រព័ន្ធពង្វាងទឹក និងប្រព័ន្ធស្រោចស្រព ខេត្តតាកែវ កណ្តាល និងរាជធានីភ្នំពេញ សរុបចំនួន៣ទីតាំង ។
ប្រព័ន្ធធារាសាស្ដ្ររំដោះទឹកទី១ គម្រោងស្ទឹងតូច៖ គម្រោងនេះមានការសាងសង់សំណង់ស្ទាក់ទឹកស្ទឹងតូច ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានកម្ពស់៨ម៉ែត្រ ទទឹងខាង៥១ម៉ែត្រ និងមានទ្វារទឹកចំនួន៥ ទ្វារនីមួយៗមានទទឹង៨,៥ម៉ែត្រ និងមានកម្ពស់៧,៥ម៉ែត្រ នៃអនុគម្រោងប្រព័ន្ធដោះទឹកស្ទឹងតូច។ គម្រោងនេះស្តារស្ទឹងតូចប្រវែង៥១គីឡូម៉ែត្រ ទំហំមាត់លើ១០០ម៉ែត្រគិតទាំងខ្នងទំនប់សងខាង និងបាត៤០ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យសរុប៦៨កន្លែង ក្នុងនោះលូគ្រប់ប្រភេទចំនួន៥៤កន្លែង ជួសជុលស្ពានចំនួន១៣កន្លែង និងសាងសង់ទ្វារទឹក១កន្លែង។ ប្រព័ន្ធស្ទឹងតូចមានសក្តានុពលពង្វាងទឹកពីស្ទឹងព្រែកត្នោតក្នុងខេត្តកំពង់ស្ពឺបានប្រមាណ៣០០ម៉ែត្រគូបក្នុង១វិនាទីទៅទន្លេបាទី ធ្លាក់ទៅទន្លេបាសាក់។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ៧០ភាគរយ។
រីឯទី២.គម្រោងប្រព័ន្ធប្រឡាយជើងឯក៖ គម្រោងនេះស្ថិតក្នុងសង្កាត់ជើងឯក សង្កាត់សាក់សំពៅ សង្កាត់ដង្កោ សង្កាត់ពងទឹក សង្កាត់ព្រៃវែង និងសង្កាត់ព្រៃសរ ខណ្ឌនដង្កោ រាជធានីភ្នំពេញ ដែលមានប្រវែងសរុប២៣គីឡូម៉ែត្រ មុខកាត់ទទឹងពី៤០ម៉ែត្រ ទៅ៥០ម៉ែត្រ ជម្រៅ៣ម៉ែត្រ និងបំពាក់ស្ថានីយបូមទឹកចំនួន៣កន្លែង។ ក្នុងស្ថានីយ១កន្លែងបំពាក់ម៉ូទ័រ៦គ្រឿង ទំហំមុខកាត់ទុយោ១ម៉ែត្រ ដែលអាចបូមទឹកបាន ១៥ទៅ២០ម៉ែត្រគូបក្នុង១វិនាទី។ ប្រព័ន្ធប្រឡាយនេះអាចដោះទឹកពីខណ្ឌកំបូលមួយផ្នែក ខណ្ឌដង្កោមួយផ្នែកធំ និងផ្នែកខ្លះនៃខណ្ឌមានជ័យ។
ដោយឡែកទី៣ ការស្តារប្រឡាយព្រែកហូរ៖ ប្រឡាយព្រែកហូរដកទឹកចេញពីស្ទឹងព្រែកត្នោតត្រង់ចំណុចនៃភូមិព្រែកហូរលិច និងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ដែលអាចរំដោះទឹកបាន៥១៥ម៉ែត្រគូប ក្នុង១វិនាទីមានប្រវែង៧,២គីឡូម៉ែត្រ។ ក្នុងនោះប្រឡាយរៀបថ្ម៣,៥គីឡូម៉ែត្រ និងប្រឡាយចាក់បេតុង៣,៧គីឡូម៉ែត្រ។ គិតមកដល់ពេលនេះគម្រោងសម្រេចបានប្រមាណ៩៥ភាគរយហើយ។
ដើម្បីដោះស្រាយការជន់លិច ដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋ និងសកម្មភាពសេដ្ឋកិច្ចផ្សេងៗ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបញ្ចេញកញ្ចប់ថវិកាប្រមាណ៣០០លានដុល្លារអាម៉េរិក កសាងប្រព័ន្ធធារាសាស្ដ្ររំដោះ និងពង្វាងការជន់លិច ខណៈរយៈពេលប៉ុន្មានឆ្នាំចុងក្រោយភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេសទឹកដីខណ្ឌដង្ហោ និងតំបន់ខ្លះទៀតក្នុងខេត្តកណ្តាល កំពង់ស្ពឺ ជាប់នឹងស្ទឹងព្រែកត្នោតតែងរងការជន់លិចយ៉ាងធ្ងន់ធ្ងរ ដោយសារទឹកហូរធ្លាក់ពីជួរភ្នំឱរ៉ាល់ ជួរភ្នំក្រវាញ និងដោយសារផ្ទៃរងទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កាន់តែរួមតូច ដោយសារកំណើននៃសំណង់លំនៅឋាន និងតំបន់ពាណិជ្ជកម្មផ្សេងៗ ៕