អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញសិតព្រះពុទ្ធបដិមាស្ពាន់និងមាស កម្ពស់ ២.១ម៉ែត្រ និងសម្ពោធឆ្លងសាលាពុទ្ធិកបឋមសិក្សា១ខ្នង នៅវត្តតេជះសុវណ្ណភូមិ
ភ្នំពេញ៖ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យសិតព្រះពុទ្ធបដិមាស្ពាន់និងមាស និងសម្ពោធឆ្លងសាលាពុទ្ធិកបឋមសិក្សា១ខ្នង នៅវត្តតេជះសុវណ្ណភូមិ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។
ក្នុងនោះ ក៏មានកាអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក/នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន/អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត លោកតាលោកយាយ ពុទ្ធបរិស័ទ ព្រមទាំងនិស្សិត និងសិស្សានុសិស្ស។
ពិធីសិតព្រះពុទ្ធបដិមានេះ គឺក្នុងគោលបំណងដើម្បីរំលឹកដល់គុណរបស់ព្រះសម្មាសម្ពុទ្ធ និងស្របទៅតាមពុទ្ធឱវាទដែលព្រះពុទ្ធទ្រង់បានត្រាស់ពីចេតិយគួរគោរពបូជាចំនួន ៤យ៉ាងក្នុងព្រះពុទ្ធសាសនា ដែលចេតិយ៤យ៉ាងនោះមាន (ធាតុចចេតិយ បរិភោគចេតិយ ធម្មចេតិយ ឧទ្ទេសកចេតិយ)។
ក្នុងន័យនេះការប្រារពធ្វើបុណ្យសិតព្រះពុទ្ធបដិមានេះគឺស្ថិតក្នុង ឧទ្ទេសកចេតិយ ដែលយើងគួរគោរពបូជា ម្យ៉ាងបានញាំងចិត្តសិទ្ធារបស់ពុទ្ធបរិស័ទឱ្យកើតមានសិទ្ធាជ្រះថ្លាក្នុងការបំពេញបុណ្យកុសល ដូចដែលថ្នាក់ដឹននាំខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីនេះផងដែរ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍លើកឡើងថា ការអប់រំគឺជាថ្នាលបណ្តុះនៅធនធានមនុស្ស ដែលបម្រើឱ្យសង្គមជាតិរបស់យើងនាពេលអនាគត ហើយក្នុងន័យនេះការកសាងសមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធសាលារៀននេះគឺត្រូវតែមានការលើកកម្ពស់ឱ្យមានការបង្កើតឡើងគ្រប់ទីកន្លែងដើម្បីធ្វើឱ្យ សមណសិស្ស ក៏ដូចជាសិស្សានុសិស្ស បានធ្វើការសិក្សារៀនសូត្រពេញលេញ។
ជាក់ស្តែងសាលាពុទ្ធិកបឋមសិក្សា បានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ គឺនឹងក្លាយជាទីដ៏មានប្រយោជន៍សម្រាប់បម្រើទាំងវិស័យ សាសនា និងវិស័យអប់រំ ក្នុងខេត្តត្បូងឃ្មុំ។
គួរបញ្ជាក់ផងដែរថា៖ ព្រះពុទ្ធបដិមាធ្វើអំពីស្ពាន់នេះ មានកំម្ពស់ ២.១ម៉ែត្រ គ្រោងចំណាយថវិការអស់ ៣ម៉ឺនដុល្លា ដែលជាទឹកចិត្តសិទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទទាំងអស់ ព្រមនិងឯកឧត្តម លោកជំទាវ ដែលជាសាសនិកជន ជាអ្នកគោរពស្រឡាញ់ព្រះពុទ្ធសាសនាទាំងអស់។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ដោយសទ្ធាជ្រះថ្លា បានចូលរួមប្រគេនដែក៤តោន សម្ភារៈនានា និងបច្ច័យមួយចំនួនផងដែរ ខណៈកន្លងមក ឯកឧត្តមបណ្ឌិត និងលោកជំទាវ បានចូលរួមជួយកសាងសមិទ្ធិផលនានា ក្នុងទីអារាមនេះផងដែរ ៕